ខេត្តសៀមរាប ÷ក្រុមគ្រួសារវីរៈកងទ័ពខ្មែរដែលត្រូវចាប់ខ្លួនជាឈ្លើយសឹក ទទួលអំណោយសប្បុរសធម៌របស់ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែមនៅរាជធានីភ្នំពេញតាមរយៈពីរដ្ឋបាលខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រុមគ្រួសារចំនួន២០គ្រួសាររបស់វីរៈកងទ័ពខ្មែរដែលត្រូវចាប់ខ្លួនជាឈ្លើយសឹកក្រោយពីបទឈប់បាញ់ដោយភាគីថៃកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ចំនួន២០នាក់ (២នាក់ត្រូវបានដោះលែង) ត្រូវបានអំណោយរបស់សប្បុរសធម៌ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម(Good Time)នៅរាជធានីភ្នំពេញ ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ។



ពិធីជួបសំណេះសំណាលនេះដែរគឺធ្វើនៅសាលាខេត្តសៀមរាប ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តសៀមរាប និង ឯកឧត្តមឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត នាយរងយោធភូមិភាគទី៤ទទួលបន្ទុកមេរងទិសទី១ប្រាសាទព្រះវិហារ ព្រមទាំងសប្បុរសជនក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម(Good Time)ចូលរួមផងដែរ ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការសួរសុខទុក្ខ និងការចែកអំណោយដល់គ្រួសារកងទ័ព ដែលត្រូវជាឈ្លើយសឹកក្រោយពីបទឈប់បាញ់ដោយភាគីថៃគឺជាការផ្តល់ការលើកទឹកចិត្តនិងកម្លាំងចិត្តដល់ក្រុមគ្រួសារកងទ័ពទាំងនោះ ដែលកំពុងតែមានការព្រួយបារម្ភនិងពិបាកចិត្ត ហើយការជួបផ្ទាល់នេះបងដែរបង្ហាញថាពួកគាត់មិនត្រូវបានគេបំភ្លេចចោលនោះទេ។




លោកអភិបាលរងខេត្តបន្ថែមថា កាយវិការនេះគឺជាការបង្ហាញថាអាជ្ញាធរខេត្តសៀមរាបនិងសប្បុរសជនបានទទួលស្គាល់នូវការលះបង់របស់កងទ័ព ដើម្បីការពារជាតិមាតុភូមិ និងបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និង ការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់ពួកគាត់ ។ លោក លី សារី បានបន្ថែមថាផ្តាំផ្ញើរ សូមបងប្អូនក្រុមគ្រួសារកងទ័ពទាំងអស់ កុំបារម្ភអី កូនចៅ ស្វាមីរបស់បងប្អូនទាំងអស់ មិនត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់យើងបំភ្លេចឡើយ ពួកគាត់ជាវីរៈកងទ័ពដ៏ក្លាហាន ដែលបានបំពេញភារកិច្ចការពារជាតិមាតុភូមិ ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការចរចា និងយន្តការផ្លូវការនានា ដើម្បីធានាបាននូវសុវត្ថិភាព និងការវិលត្រឡប់របស់កងទ័ពយើងមកកាន់គ្រួសារវិញ។ ក្នុងកាលៈទេសៈនេះ សូមបងប្អូនរក្សាភាពរឹងមាំ និងមានក្ដីសង្ឃឹម អាជ្ញាធរខេត្តនឹងនៅក្បែរ និងត្រៀមជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារបងប្អូន តាមលទ្ធភាពដែលអាចធ្វើទៅបាន ។






ក្នុងឱកាសនោះដែរ លោក លី សារុន សប្បុរសធម៌ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម(Good Time)នៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការសួរសុខទុក្ខនិងការចែកអំណោយដល់គ្រួសារកងទ័ពមិនមែនត្រឹមតែជាការផ្តល់វត្ថុសម្ភារៈប៉ុណ្ណោះទេ តែវាជាការបង្ហាញពី ការរួបរួមគ្នា ការដឹងគុណ និងការទទួលខុសត្រូវ របស់សង្គមចំពោះវីរបុរសជាតិ ។ លោកបញ្ជាក់ថា អំណោយដែលក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែមយកជូននាពេលនេះគឺជានិមិត្តរូបនៃសាមគ្គីភាព រវាងប្រជាពលរដ្ឋ និងកងទ័ពដែលបង្ហាញថា កងទ័ពមិនបានឈរតែឯងទេ ហើយប្រជាជនទាំងមូលក៏មានចំណែកក្នុងការចូលរួមថែរក្សាជាតិដែរ ដែលទង្វើនេះបណ្តុះនូវ ស្មារតីស្នេហាជាតិ ពីព្រោះវាបង្ហាញពីការរួបរួមគ្នារវាងផ្នែកយោធា និងផ្នែកស៊ីវិល ដើម្បីកសាង និងការពារប្រទេសជាតិទាំងមូល។ ហើយការចែកអំណោយគឺជាជំនួយជាក់ស្តែង ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារបងប្អូន ដែល ជំនួយនេះរួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ឬថវិកាមួយចំនួន ដើម្បីបង្ហាញពីការជួយគ្នាក្នុងគ្រាលំបាក សកម្មភាពនេះជួយពង្រឹងស្មារតីសាមគ្គីភាពក្នុងសង្គមខ្មែរ និងបានបង្ហាញថាប្រជាជនខ្មែរគ្រប់ស្រទាប់តែងតែរួមគ្នាគិតគូរអំពីសុខទុក្ខរបស់កូនចៅខ្មែរទាំងអស់គ្នា ជាពិសេសអ្នកដែលបានបូជាដើម្បីជាតិ ៕




