បទល្មើសព្រៃឈើកើនឡើងយ៉ាងកំហុក ខណៈមន្ត្រីជំនាញមួយចំនួនអសកម្ម និងរងការចោទថាឃុបឃិតជាមួយឈ្មួញ
ខេត្តឧត្តរមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន បានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ បទល្មើសទាំងនេះហាក់កើតឡើងនៅចំពោះមុខមន្ត្រីជំនាញ ប៉ុន្តែមិនមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះទេ។ យោងតាមប្រភពព័ត៌មាន ក្រុមឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ឆ្លងកាត់ភូមិសាស្ត្រភូមិអង្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះទៅកាន់ភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទាំងយប់ទាំងថ្ងៃ។សកម្មភាពដឹកជញ្ជូននេះ ត្រូវបានគេរាយការណ៍ថា ប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿង និងឆ្លងកាត់មុខស្នាក់ការ ឬប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន ប៉ុន្តែមិនដែលឃើញមានការចុះបង្ក្រាប ឬចាប់ឃាត់ខ្លួននោះឡើយ។…
