កំពង់ធំ៖ ប្រជាពលរដ្ឋកំពុងរិះគន់យ៉ាងខ្លាំងចំពោះការឈូសឆាយព្រៃបម្រុងរបស់រដ្ឋរាប់សិបហិកតា នៅស្រុកស្ទោង ដោយក្រុមអ្នកមានអំណាច និងលុយ។
តំបន់ដែលកំពុងរងការបំផ្លិចបំផ្លាញ ស្ថិតនៅចំណុចសំណង់ ក្នុងភូមិក្រសាំង ឃុំពពក និងភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង។ ប្រភពពីមូលដ្ឋានបានអះអាងថា សកម្មភាពឈូសឆាយនេះធ្វើឡើងនៅពេលយប់ ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ អ្នកស្រុកបានចង្អុលមុខ លោក ថូ គឹមស៊ន ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តម យឹម លាភ តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងមានតួនាទីជាអភិបាលរងស្រុកស្ទោង (មិនបញ្ចេញឈ្មោះ) ថាជាអ្នកដឹកនាំកិច្ចការនេះ។


ពលរដ្ឋបានអំពាវនាវដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឱ្យបើកការស៊ើបអង្កេតបន្ទាន់ ដើម្បីទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងនាំជនខិលខូចមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយដកស្រង់សម្តីរបស់លោក ថូ គឹមស៊ន ថា លោកគ្រាន់តែសហការជាមួយពលរដ្ឋដើម្បីលើកផ្លូវប្រវែងប្រហែលមួយគីឡូម៉ែត្រ នៅចុងភូមិ កាលពីកន្លះខែមុនតែប៉ុណ្ណោះ។