(កំពង់ធំ)៖ សោកនាដកម្មនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិកំពុងតែកើតឡើងយ៉ាងរង្គាល និងគួរឲ្យអាសូរនៅតំបន់អូរដើមថ្កូវ ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដីព្រៃរបស់រដ្ឋរាប់សិបហិកតា ត្រូវបានគេមើលឃើញថាកំពុងរងការឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន ព្រមទាំងដាំកូនកៅស៊ូជំនួសវិញយ៉ាងរលូន ហាក់បីដូចជាគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស។




អ្វីដែលរឹតតែខ្លោចចិត្ត និងមិនអាចទទួលយកបាននោះគឺ ដីព្រៃទាំងនេះគឺជា (ដីដែលមានជម្លោះកំពុងជាប់បណ្តឹងនៅតុលាការ)។ ការបន្តឈូសឆាយ និងដាំដុះនៅលើដីដែលមានដីការក្សាការពារ ឬស្ថិតក្រោមការពិនិត្យរបស់តុលាការបែបនេះ គឺជាការមើលងាយ និងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌របស់ជាតិយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមកាង ឬអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង។
លេស “មិនដឹង” នៅពេលដែលមានការសាកសួរ ឬរាយការណ៍ អ្វីដែលជាការឆ្លើយតបដ៏គួរឲ្យហួសចិត្ត និងគួរឲ្យសង្ស័យបំផុតពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន គឺលេសថា “មិនដឹង” ឬ “នៅក្រៅដែនសមត្ថកិច្ច” ចម្លើយទាំងនេះមិនត្រឹមតែស្តែងឲ្យឃើញពី “ភាពអសមត្ថភាព” ដាច់ខាតក្នុងការបំពេញតួនាទីជាអ្នកការពារទ្រព្យសម្បត្តិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណយ៉ាងច្បាស់នៃការ “ឃុបឃិតបើកដៃឲ្យឈ្មួញបំផ្លាញជាតិ”ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ តើវាជាទៅរួចទេដែលសកម្មភាពឈូសឆាយដីព្រៃទ្រង់ទ្រាយធំរាប់សិបហិកតា ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងការដាំដុះរាប់ឆ្នាំ កើតឡើងនៅចំពោះមុខមន្ត្រីដែលអះអាងថាមិនដឹង?ភាពអាណាធិបតេយ្យ និងការបាត់បង់ទំនុកចិត្ត រាល់ឆ្នាំ ផ្ទៃដីព្រៃឈើដែលជាសួតរបស់ជាតិបន្តបាត់បង់រាប់សិបហិកតា ខណៈមន្ត្រីជំនាញហាក់បីដូចជា “ងងឹតភ្នែក ហ៊ឹងត្រចៀក” ធ្វើមិនដឹងមិនលឺចំពោះសកម្មភាពឈូសឆាយ រានយកដីលក់ និងដាំកៅស៊ូបាំងភ្នែកសមត្ថកិច្ច ដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅតំបន់អូរដើមថ្កូវ។ការដោះសារថាដីនោះមានដីកាឬជាប់បណ្តឹងនៅតុលាការ

លែងជាឧបសគ្គសម្រាប់ក្រុមអ្នកមានអំណាចទៀតហើយ ពោលគឺពួកគេអាចរំលោភច្បាប់បានយ៉ាងរលូន ក្រោមខ្សែភ្នែករបស់អាជ្ញាធរ។
លេសដ៏សែនល្ងីល្ងើ «មិនដឹង និងក្រៅដែនគ្រប់គ្រង» របស់មន្ត្រីជំនាញព្រៃឈើ គឺជាភស្តុតាងដែលឆ្លុះបញ្ចាំងពីការអសកម្ម និងការគឃ្លើនឃុបឃិតគ្នាជាប្រព័ន្ធ។
យើងខ្ញុំសូមលំឱនកាយស្នើស្ថាប័នអធិការកិច្ចជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ មេត្តាចុះពិនិត្យដោយផ្ទាល់ កុំតាមរយៈរបាយការណ៍ភូតកុហក និងមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីសង្គ្រោះដីព្រៃរបស់រដ្ឋ និងផ្តន្ទាទោសទាំងក្រុមអ្នកទន្ទ្រាន និងមន្ត្រីពុករលួយដែលនៅពីក្រោយខ្នង។BRT





