ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភ និងលើកឡើងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ និងឥតឈប់ឈរ ដូច «ភ្លៀងរលឹម» នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។



ប្រភពពីពលរដ្ឋបានឱ្យដឹងថា ក្រុមឈ្មួញបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេព ព្រៃសហគមន៍ក្នុងមូលដ្ឋាន និងមួយចំនួនទៀតដឹកចេញពីព្រៃសហគមន៍តោងយ៉ោង ក្នុងខេត្តព្រះវិហារ។ បន្ទាប់មក ឈើទាំងនោះត្រូវបានគេយកទៅប្រមូលផ្តុំស្តុកទុកនៅក្នុងភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការចែកចាយ និងជួញដូរបន្ត។
ប្រជាពលរដ្ឋបានចោទប្រកាន់ថា សកម្មភាពល្មើសច្បាប់ដែលកើតមានឡើងយ៉ាងរលូននេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នារវាងក្រុមឈ្មួញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាននៅក្នុងមូលដ្ឋាន ដែលមិនបានចុះទប់ស្កាត់ ឬបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងនោះឱ្យមានប្រសិទ្ធភាពនោះឡើយ។ បន្ថែមពីនេះ នៅក្នុងស្រុកត្រពាំងប្រាសាទ ក៏មានការបើកដំណើរការរោងម៉ាស៊ីនអារឈើ និងរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើខុសច្បាប់ជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យផងដែរ។




អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ និងសាធារណជន សូមធ្វើការអំពាវនាវយ៉ាងទទូចទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន មេត្តាជួយពិនិត្យ និងដាក់បទបញ្ជាឱ្យមានចំណាត់ការក្តៅ ចំពោះមន្ត្រីថ្នាក់ក្រោមឱវាទ និងអាជ្ញាធរដែនដី ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសិប្បកម្មខុសច្បាប់ទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត៕



