កំពង់ធំ៖ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ មានទីលំនៅស្ថិតក្នុងខេត្តកំពង់ធំ បានចេញមុខគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដើម្បីមេត្តាជួយអន្តរាគមន៍ និងចុះដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ដែលបានអូសបន្លាយពេលអស់រយ:ពេលជាង ១០ ឆ្នាំមកហើយ។
ដីទំនាស់នេះ មានទីតាំងស្ថិតនៅចំណុចទួលតាអ៊ុំ ភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានទំហំសរុប ២៤ ហិចតា និង ២៤ អា ដែលបច្ចុប្បន្នកំពុងរងការរំលោភបំពាន និងបង្កបង្កើនផលដោយលោក សៀន ឆេងកូ តាំងពីឆ្នាំ២០២០ មក ព្រមទាំងយកដីនេះទៅចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិថែមទៀតផង។


ប្រវត្តិដីធ្លី និងដើមចមនៃទំនាស់
តាមការរៀបរាប់ពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ដីធ្លីខាងលើគឺជាដីស្រែចម្ការដែលពួកគាត់បានអាស្រ័យផលតាំងពីដូនតា និងឪពុកម្តាយមកម្ល៉េះ។ លុះដល់ឆ្នាំ២០១៥ ស្រាប់តែលេចមុខលោក សៀន ឆេងកូ មកអះអាងថា ខ្លួនបានទិញដីនេះពីលោក ភិន សំអុន (អតីតមេឃុំដំរីស្លាប់) រួចក៏បានយកគ្រឿងចក្រមកឈូសឆាយ។ កាលនោះ មានប្រជាពលរដ្ឋចំនួន ២៨ គ្រួសារបានតវ៉ា និងហៅអ្នកសារព័ត៌មានចុះផ្សាយ ទើបភាគីខាងលោក សៀន ឆេងកូ ដកគ្រឿងចក្រចេញ ហើយពលរដ្ឋក៏បានបន្តធ្វើស្រែជាធម្មតា ព្រមទាំងបានដាក់ពាក្យបណ្តឹងទៅសាលាស្រុក ប៉ុន្តែពុំមានដំណោះស្រាយឡើយ។
រហូតដល់ឆ្នាំ២០១៩ អាជ្ញាធរបានកោះហៅពលរដ្ឋប្រមាណ ៣០ គ្រួសារទៅដោះស្រាយ ដោយសាលាឃុំ និងសាលាស្រុកឱ្យតម្លៃដី ១ ហិចតា ៩០ ម៉ឺនរៀល ចំណែកសាលាខេត្តឱ្យ ៣០០ ដុល្លារក្នុង ១ ហិចតា ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយក។ ក្រោយមក ភាគីទំនាស់បានប្តឹងពលរដ្ឋទៅតុលាការ ដែលបណ្តាលឱ្យមានការចាប់ខ្លួនមេភូមិម្នាក់ឈ្មោះ ហន ឡៃ និងតំណាងពលរដ្ឋម្នាក់ឈ្មោះ ម៉ោញ អ៊ុច ឃុំខ្លួនអស់រយៈពេល ៨ យប់ ៩ ថ្ងៃ ទើបដោះលែងវិញ។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនធំភ័យខ្លាចការគំរាមកំហែង និងបាក់ស្មារតី ក៏បង្ខំចិត្តទទួលយកសំណងដ៏តិចតួចដើម្បីបញ្ចប់រឿង។


បច្ចុប្បន្ន នូវសល់តែពលរដ្ឋចំនួន ៨ គ្រួសារប៉ុណ្ណោះ ដែលមិនព្រមទទួលសំណងអយុត្តិធម៌ និងបានបន្តតស៊ូតាមផ្លូវច្បាប់ ទោះបីជាត្រូវរងការធ្វើទុក្ខបុកម្និញ រត់ចោលស្រុក ព្រាត់ប្រាសគ្រួសារ និងធ្លាក់ខ្លួនលំបាកតោកយ៉ាកយ៉ាងណាក៏ដោយ។ ក្នុងចំណោម ៨ គ្រួសារនោះ ត្រូវបានបែងចែកជា ៣ ករណី រួមមាន៖
*១. ក្រុមពលរដ្ឋ ៤ គ្រួសារ (ឈ្នះក្តីចុងក្រោយនៅតុលាការសាលាដំបូង)មាន *លោកស្រី ប៊ុន នីម (ប្តីឈ្មោះ ជៀម ញ៉)

  • លោកស្រី ប៊ុន ណឺយ (ប្តីឈ្មោះ ហាត់ សារ៉ាន់)
  • លោកស្រី ប៊ុន នៀន (ប្តីឈ្មោះ យាង វៃ)
    *(ទាំង ៣ គ្រួសារខាងលើ រស់នៅភូមិសំរ៉ង ឃុំព្រះដំរី ស្រុកស្ទោង)និងលោកស្រី ម៉ោញ អ៊ុច រស់នៅភូមិបទុមកើត ឃុំរុងរឿង ស្រុកស្ទោង។លទ្ធផលផ្លូវច្បាប់ នៅក្នុងឆ្នាំ២០២៦ នេះ តុលាការសាលាដំបូងបានសម្រេចសាលក្រមចុងក្រោយ (ប្រកាសនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦) ឱ្យពួកគាត់រួចផុតពីបទចោទប្រកាន់ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត» ដោយមានព្រះរាជសារត្រាស់បង្គាប់ដល់អាជ្ញាធរគ្រប់ថ្នាក់ជួយអនុវត្តសាលក្រមនេះ។ ប៉ុន្តែជាក់ស្តែង ដីស្រែរបស់ពួកគាត់ត្រូវបានលោក សៀន ឆេងកូ រំលោភយកទាំងអស់។
    **២. ក្រុមពលរដ្ឋ ៣ គ្រួសារ (មិនជាប់ឈ្មោះនៅតុលាការ តែបាត់បង់ដី) * លោកស្រី ម៉ោញ អន រស់នៅភូមិបទុមកើត ឃុំរុងរឿង ស្រុកស្ទោង
  • លោកស្រី រ៉ៃ ភាក់ រស់នៅភូមិវល្លិ៍យាវ ស្រុកកំពង់ស្វាយ។
  • លោកស្រី សយ ផាត រស់នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។ ពួកគាត់មិនមានឈ្មោះជាប់បណ្តឹងនៅតុលាការឡើយ ប៉ុន្តែដីស្រែរបស់ពួកគាត់ត្រូវបានលោក សៀន ឆេងកូ រំលោភយកទៅគ្រប់គ្រងដូចគ្នា។
    **៣. ករណីលោក សយ សៀ (អតីតអ្នកភូមិវល្លិ៍យាវ បច្ចុប្បន្នរស់នៅខេត្តឧត្តរមានជ័យ)កន្លងមក លោកបានចាញ់ក្តីនៅសាលាដំបូងផ្ដន្ទាទោស (ជាប់ពន្ធនាគារ ២ ឆ្នាំ ផាកពិន័យ ៤០ លានរៀល) និងសាលាឧទ្ធរណ៍ផ្ដន្ទាទោស (ជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ផាកពិន័យ ២០ លានរៀល)។ ប៉ុន្តែ ក្រោយពីបន្តតស៊ូដល់តុលាការកំពូល ស្ថាប័នកំពូលនេះបានសម្រេចចេញសាលដីកា (កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦) ទម្លាក់ចោលបទចោទប្រកាន់ និងឱ្យលោក រួចផុតពីបទ «ប្រើប្រាស់ឯកសារសាធារណៈក្លែង» ព្រមទាំងមានព្រះរាជសារត្រាស់បង្គាប់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយអនុវត្តសាលដីកាស្របតាមច្បាប់ផងដែរ។
    សំណូមពរចុងក្រោយ
    ដោយសារមានសាលដីកា និងសាលក្រមស្អាតស្អំពីរាជរដ្ឋាភិបាល និងស្ថាប័នតុលាការរួចរាល់ហើយ ក្រុមប្រជាពលរដ្ឋរងគ្រោះទាំង ៨ គ្រួសារ សូមក្រាបបង្គំទូល និងស្នើដង្ហោយហៅទៅដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំមេត្តាជួយចុះអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដីទំនាស់ខាងលើ ដើម្បីវែកញែករកយុត្តិធម៌ និងកាត់ដីស្រែចម្ការទាំងនោះប្រគល់ជូនពួកគាត់វិញ ដើម្បីអាចមានឱកាសវិលត្រឡប់មកបង្កបង្កើនផល ចិញ្ចឹមជីវិត និងជួបជុំគ្រួសារឡើងវិញដោយសុខសាន្ត៕