ខេត្តឧត្តរមានជ័យ៖ មន្ត្រីខិលខូចមួយក្តាប់តូច បែរជាឃុបឃិតជាមួយឈ្មួញបំផ្លាញព្រៃឈើទោះបីជាមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំក៏ដោយ ក៏មន្ត្រីជំនាញដែលមានតួនាទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមួយចំនួនតូច បែរជាមើលស្រាល និងចាត់ទុកដូចជា«ខ្យល់កាត់ត្រចៀក»។ ផ្ទុយទៅវិញ ពួកគាត់បែរជាឃុបឃិតគ្នាយ៉ាងសកម្ម ដើម្បីទទួលសំណូកពីក្រុមឈ្មួញដឹកជញ្ជូនឈើដោយខុសច្បាប់ទៅវិញ។


ស្ថានភាពបច្ចុប្បន្នបង្ហាញឱ្យឃើញថា មានក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដោយប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿងចេញពីខេត្តព្រះវិហារ ដើម្បីយកមកស្តុកទុកនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពនេះកើតឡើងយ៉ាងចំហ ប៉ុន្តែមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ធ្វើការទប់ស្កាត់ ឬបង្ក្រាបបានម្តងណាសោះឡើយ។ អ្វីដែលគេឃើញមាន គឺមន្ត្រីដែលចាំរាប់ក្បាលគោយន្ត ដើម្បីយកលុយដាក់ហោប៉ាវ ជាថ្នូរនឹងការមិនចុះបង្ក្រាប។


អំពើពុករលួយជាប្រព័ន្ធនេះ មិនត្រឹមតែបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលផងដែរ។ ថ្នាក់ដឹកនាំគួរតែមានវិធានការដាច់ខាត ដើម្បីផ្តន្ទាទោសមន្ត្រីខិលខូចទាំងនេះ និងការពារធនធានធម្មជាតិដែលនៅសេសសល់ឱ្យបានគង់វង្ស៕