(ខេត្តពោធិ៍សាត់)៖ មានសេចក្តីរាយការណ៍ដ៏រសើបមួយបានទម្លាយថា បច្ចុប្បន្នភាពអាជីវកម្មឈើខុសច្បាប់កំពុងកើតមានយ៉ាងពេញបន្ទុក នៅតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមលេសប្រមូលផលអនុផលព្រៃឈើក្នុងគម្រោងទំនប់ទី២ តំបន់អូរដា។ អ្វីដែលគួរឱ្យតក់ស្លុត គឺប្រភពបានអះអាងថា មានមន្ត្រីជាន់ខ្ពស់កម្រិត “អភិបាលរងខេត្ត” ម្នាក់ ជាអ្នកកាង និងកាន់កញ្ចប់លុយ ដើម្បីបិទមាត់សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ។


យោងតាមប្រភពព័ត៌មាន បានទម្លាយអត្តសញ្ញាណមេឈ្មួញធំៗចំនួន ៤ នាក់ ដែលកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើយ៉ាងស្រស់ៗ៖
១. ឈ្មោះ យាយទៀង (ហៅ ទៀង បាត់ដំបង)
២. ឈ្មោះ ង៉ោល (ហៅ បងត្រង៉ោល)
៣. ឈ្មោះ សារឿន
៤. ឈ្មោះ ជា
ក្រុមឈ្មួញទាំងនេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់សិទ្ធិប្រមូលផលនៅលើផ្ទៃដីជាង ៤ ពាន់ហិចតា (ដែលពុំសូវមានដើមឈើធំ) ធ្វើជាលេសបាំងមុខ។ធាតុពិត

ពួកគេបានពង្រីកសកម្មភាពលួចកាប់ឈើប្រភេទ រាជថ្កុល មុខកាត់ធំៗ (ខ្នាតយក្ស) នៅតំបន់ខាងក្រៅទីតាំងអនុញ្ញាត ដូចជាំនៅចំណុចភ្នំស្ទឹងទឹកស និងជួរភ្នំជុំវិញតំបន់អូរដា យ៉ាងអាណាធិបតេយ្យ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា ឈើខុសច្បាប់មុខកាត់ធំៗទាំងនោះ ត្រូវបានដឹកជញ្ជូនចេញពីស្រុកភ្នំក្រវាញ ដោយប្រើប្រាស់ច្បាប់ដឹកជញ្ជូន (PC) បន្លំពីលើ ឆ្លងកាត់ផ្លូវជាតិលេខ ៥ និងដែនដីខេត្តកំពង់ឆ្នាំង យ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញឡើយ។
មហាជនកំពុងដាក់ការសង្ស័យ និងរង់ចាំមើលថា តើក្រសួងសាមី និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នឹងមានវិធានការក្តៅបែបណា ចំពោះព័ត៌មានបែកធ្លាយដែលថាមាន “អភិបាលរងខេត្ត” នៅពីក្រោយខ្នងបទល្មើសបំផ្លាញធនធានធម្មជាតិដ៏ធំធេងនេះ។ព័ត៌មានបឋម