កំពង់ធំ៖ដីព្រៃបម្រុងរបស់រដ្ឋរាប់សិបហិកតា ស្ថិតក្នុងឃុំពពក និងឃុំទ្រា ស្រុកស្ទោង កំពុងត្រូវបានក្រុមមានអំណាច និងអ្នកមានលុយ ឃុបឃិតគ្នាឈូសឆាយ រុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងទិញលក់យ៉ាងអនាធិបតេយ្យ ដោយមិនកោតក្រែងច្បាប់បន្តិចឡើយ។


ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពឈូសឆាយនេះត្រូវបានធ្វើឡើងនៅពេលយប់អធ្រាត្រ ដើម្បីបំបែរភ្នែកសាធារណជន ហើយអ្វីដែលរ៉ាប់រងស្មារតីមហាជននោះ គឺមានការទម្លាយថាអភិបាលរងស្រុកស្ទោងម្នាក់ ជាអ្នកនៅពីក្រោយខ្នង និងរៀបចំឯកសារទិញ-លក់ភូតភរទាំងស្រុង។
មហាជនបានលើកឡើងថា ខណៈដែលឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែខិតខំចុះទប់ស្កាត់ និងបង្រ្កាបការរំលោភដីរដ្ឋយ៉ាងសកម្ម បែរជាមានមន្ត្រីថ្នាក់ក្រោម «ថ្លើមធំ» ហ៊ានប្រព្រឹត្តល្មើសច្បាប់ខ្លួនឯងទៅវិញ។


ករណីនេះ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម អភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ ចុះស៊ើបអង្កេតជាបន្ទាន់ និងអនុវត្តច្បាប់ឱ្យមាន «សមភាព និងតម្លាភាព»ដោយមិនត្រូវមានការយោគយល់ចំពោះមន្ត្រីខិលខូចរូបណាឡើយ ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងពង្រឹងនីតិរដ្ឋ។