មានប្រសាសន៍លើកឡើងនៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ របស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយសង្កត់ធ្ងន់ចំពោះ ការបម្រើសេវាអាណាធិបតេយ្យ នៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលបានកំពុងធ្វើឲ្យប៉ះពាល់ដល់អភិបាលកិច្ចល្អក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងករណីនេះ បានកើតជាយូមកហើយ តែពុំទាន់មានគ្រូពេទ្យធ្វើការវះកាត់ ព្យាបាលជម្ងឺសេវាជាប្រព័ន្ធនៅក្នុងអង្គភាពមួយនេះ ។ ដើមី្បបញ្ឈប់នូវ ភាពអាណាធិបតេយ្យនេះ អង្គភាពច្រកចេញចូលតែមួយ ត្រូវបញ្ឈប់ជាបន្ទាន់ ។ មានប្រសាសន៍នោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលការិយាល័យប្រជាពលរដ្ឋខេត្ត បានធ្វើការផ្សព្វផ្សាយ

អនុក្រឹត្យលេខៈ១៩អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ របៀបរបបអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ(មតិយើង) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្ស យុវជន និងប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ចំនួន០៦ ។ ក្នុងនោះឯកឧត្តមកបានសុំឲ្យការិយាល័យប្រជាពលរដ្ឋ លើកនូវចំណុចដែល ប្រជាពលរដ្ឋ បានលើកឡើងពេលផ្សព្វផ្សាយនោះ អំពីគោលបំណង សំណូមពររបស់បងប្អូន ។ ឯកឧត្តម លី សំរិទ្ធ បានលើកផងដែរ ពីកម្មវិធីវិនិយោបីឆ្នាំរំកិល ២០២៦.២០២៨ របស់រដ្ឋបាលខេត្ត សូមឲ្យគណៈកម្មការកសាងផែនការ ត្រូវក្តាប់ឲ្យបាននូវរាល់សំណូមពរពីថ្នាក់មូលដ្ឋាន និង ត្រូវគ្រប់គ្រងឲ្យបានច្បាស់ពីសិត្ថិប្រជាពលរដ្ឋឲ្យបាន ច្បាស់លាស់ត្រឹមត្រូវទៅតាមបច្ចេកទេស ។ ម៉្យាងទៀតកិច្ចការសិត្ថិនេះ ទាំងរដ្ឋបាល និង នគរបាល ត្រូវធ្វើការបន្ស៊ីគ្នាឲ្យបានច្បាស់លាស់ ត្រឹមត្រូវនូវតួលេខតែមួយ ។ ឯកឧត្តមក៏បានលើកពីបច្ចុប្បន្នភាព នៃសំណួរ សំណូមពរ ត្រូវ បានក្រុមការងារធ្វើការដោះស្រាយជាបន្តបន្ទាប់ ហើយចំនួនដែលនៅសេសសល់ បានកំពុងបន្តដោះស្រាយជូនបង ប្អូនទៀតផង ។ ដោយឡែក ក្រុមការងារក្រុមប្រឹក្សាខេត្តទាំង៥ក្រុម បានចុះមូលដ្ឋានទៅតាមគោលដៅ ដើម្បីធ្វើការជួបប្រាស្រ័យ សំណេះសំណាលសួរសុខទុក្ខ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ទទួលបានលទ្ធផលសំណួរ-សំណូមពរសរុបចំនួន ៩៩សំណួរ-សំណូមពរ ពាក់ព័ន្ធនឹងកិច្ចការសាធារណៈចំនួន ៧៣សំណួរ-សំណូមពរ និងកិច្ចការឯកជនចំនួន ២៧សំណួរ-សំណូមពរ ព្រមទាំងទទួលលទ្ធផលនៃការដោះស្រាយ បានរួចចំនួន៤២សំណួរ-សំណូមពរ និង កំពុងដោះស្រាយ ចំនួន ៥៧សំណួរ-សំណូមពរ ។ ឯកឧត្តមបានបន្តទៀតថា លទ្ធផលក្នុងការដោះ ស្រាយ សំណួរ.សំណូមពរនេះ ត្រូវយកទៅបិទផ្សាយជូនបងប្អូន ទៅតាមគោលដៅវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ខាងមុខនេះ ។


មានប្រសាសន៍នោះដែរ លោក សុខ ថុល អភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំ អំពីការខុសតួលេខក្នុង សិត្ថិប្រជាពលរដ្ឋ ដោយក្រុង ស្រុក ដែលមានប្រជាពលរដ្ឋចំណាកស្រុក និង ផ្លាស់ទីលំនៅ និង ខុសនូវបច្ចេកទេស មួយចំនួន នៅតាមបណ្តាឃុំ សង្កាត់ ។ លោកក៏បានបញ្ជាក់ពីអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅស្រុកមួយចំនួន មានការវិវត្តន៍ ពីចំណុច២ខ្ទង់ មកនៅ១ខ្ទង់ផងដែរ ។ ម៉្យាងទៀតដោយរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ខ្វះនូវកិច្ចសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាល ដែលធ្វើឲ្យសិត្ថិប្រជាពលរដ្ឋ មិនបានត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ទៀតផង ៕