កិច្ចប្រជុំធ្វើបច្ចុប្បន្នភាពចំពោះជនបរទេស
សេវាមណ្ឌលសុខភាព និង គ្រួសារវីរៈកងទ័ពជួរមុខ
នៅចុងសប្តាហ៍ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២៦ នៅស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំធ្វ់បច្ចុប្បន្នភាព ចំពោះជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំ និង ការផ្តល់សេវាមណ្ឌលសុខភាព និង គ្រួសារវីរៈកងទ័ពជួរមុខ ក្រោមការដឹកនាំប្រជុំរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា និង ឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក អង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមរបស់រដ្ឋបាលស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និង បងប្អូនជាម្ចាស់ជួលទីតាំងជូនជនបរទេស ចូលរួមប្រមាណ ៥០នាក់ ។





តាមសេចក្តីរាយការណ៍របស់រដ្ឋបាលស្រុក និង លោកអធិការនគរបាលស្រុក និង មេបញ្ជាការរាជអាវុធហត្ថស្រុក ព្រមទាំងមេឃុំ មេប៉ុស្តិ៍ទាំង៤ឃុំ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំ មានចំនួន ៤៣គ្រួសារ ។ ចំពោះជនបរទេសបានមកស្នាក់នៅមុនសភាពការណ៍ ហ្គេមអនឡាយ មានចំនួន២០នាក់ ព្រម ទាំងករណីគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាជនជាតិចិនបើកបររថយន្តគេចពីសមត្ថកិច្ច ដើមី្បគេចខ្លួនពីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួនបាន៨នាក់ បញ្ជូនទៅកាត់ទីបញ្ជាការពលរាជអាវុធហត្ថខេត្ត អនុវត្តច្បាប់បន្ត ។ ក្នុងនោះលោកមេប៉ុស្តិ៍ក៏បានបញ្ជាក់ពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត កំពុងស្នាក់នៅ ក្នុងភូមិសាស្ត្រឃុំរបស់ខ្លួនដោយស្របច្បាប់ផងដែរ ។
មានប្រសាសន៍នោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន និង ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក អង្គរធំ ខេត្តសៀមរាប បានធ្វើការណែនាំដល់រដ្ឋបាលស្រុក ឃុំ កម្លាំង សមត្ថកិច្ចទាំងបី និង ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគិតគូ និង បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ឲ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និង ជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មណ្ឌលសុខភាពនៃឃុំទាំងបួន និង ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជម្ងឺផ្សេងៗទៀតផង ។ ឯកឧត្តមទាំងពីក៏បានធ្វើការ ផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេស សំដៅរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ឲ្យមានស្ថិរភាពល្អ ។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការពន្យល់ណែនាំ ដល់រដ្ឋបាលឃុំ មេភូមិ និង បងប្អូនម្ចាស់ផ្តល់ទីតាំង ជួលឲ្យជន បរទេស នៅក្នុងភូមិសាស្ត្ររបស់ខ្លួន បានសមស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ ។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ពីសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ច ដែលធ្វើការបង្ក្រាបបានទាន់ពេលវេលា ចំពោះក្រុមជនជាតិចិន រត់គេចខ្លួនពីសំណាញ់ច្បាប់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ចូលមកក្នុងភូមិសាស្ត្រ ស្រុកអង្គរធំ ដើមី្បធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ នៅខេត្តសៀមរាប ។ ឯកឧត្តម ម៉ក់ សីហា ក៏បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំត្រូវក្តាប់ឲ្យបានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និង អ្នកវិនិយោគទុន ដោយខេត្តសៀមរាប ជាគោលដៅរបស់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត និង អ្នកវិនិយោគ ចូលមកបណ្តាក់ទុនទៅលើគ្រប់វិស័យទៀតផង។ ផ្តើមចេញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរ មានសមត្ថកិច្ចនានា បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) ព្រម ទាំងបានធ្វើឲ្យបទល្មើសនេះត្រូវបានកាត់បន្ថយ និងលុបបំបាត់ចេញពីក្នុងភូមិសាស្ត្រសំខាន់ៗជាច្រើន ដែលធ្វើឲ្យសន្តិសុខ ក្នុងសង្គមកម្ពុជាទាំងមូលមានភាពល្អប្រសើរ ។




ម៉្យាងទៀត សូមបន្តចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ អំពីកលល្បិចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗ ឲ្យមានប្រសិទ្ធភាពខ្ពស់ សំខាន់លើការអប់រំប្រជាពលរដ្ឋ និង ស្រទាប់យុវជន និង ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ និង អ្នកមានការពាក់ព័ន្ធ ដើមី្បយកមកធ្វើការផ្តន្ទាទោសតាមច្បាប់ ។ ឯកឧត្តម បានផ្តាំផ្ញើ
ដល់រដ្ឋបាលស្រុក ឃុំ ភូមិ កងកម្លាំងទាំងបី មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពបងប្អូនគ្រួសារវីរៈកងទ័ពជួរមុខ ព្រមទាំងសុខទុក្ខលំបាករបស់បងប្អូនជាគ្រួសារវីរៈកងទ័ពជួរមុខ ដែលមាននៅក្នុងមូលដ្ឋានខ្លួន ជាការផ្តល់ភាពកក់ក្តៅដល់បងប្អូនវ័រៈកងទ័ពជួរមុខទៀតផង ៕







