[កំពង់ឆ្នាំង]៖ បច្ចុប្បន្ន តំបន់អភិរក្សការពារមេពូជត្រី (៧អា) ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក កឹម ហៃ ប្រធានសហគមន៍នេសាទ កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចឮនូវរឿងអាស្រូវជុំវិញការទារលុយពីអ្នកនេសាទជាថ្នូរនឹងការបើកដៃឱ្យប្រើប្រាស់ឧបករណ៍ខុសច្បាប់។
យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា បទល្មើសនេសាទគ្រប់រូបភាពកំពុងកើតមានជាបន្តបន្ទាប់នៅចំណុច បឹងផ្ដោត, អន្លង់សណ្ដាយ, អន្លង់សណ្ដាន់ និងតាមបណ្ដោយស្ទឹង ចាប់ពីចំណុច ឈ្វារ រហូតដល់ ស្ដីដង្គងតូច។



ការបង្ក្រាប និងការទម្លាយអាថ៌កំបាំងពីក្រោយខ្នង
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាបបទល្មើសជលផល និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាយ ចំរ៉ុង នៅចំណុចព្រែកជើងគ្រួស ឃុំស្វាយរំពារ។ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន៖
អាំងវុិចទ័រឆក់ត្រី ០១ គ្រឿង និងអាគុយ ៧០ អំពែ (ម៉ាក Long) ០១ គ្រឿង
ខ្សែភ្លើងខ្សែកាប ០៨ ម៉ែត្រ និងកន្ទ្រងដងត្រី ០៣
ទូកភ្ជាប់ម៉ាស៊ីន ០១ គ្រឿង
អ្វីដែលគួរឱ្យកត់សម្គាល់ សាច់ញាតិរបស់ជនសង្ស័យបានទម្លាយថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺដោយសារឈ្មោះ ឆាយ ចំរ៉ុង មិនទាន់បានបង់លុយឱ្យលោក កឹម ហៃ ជាមុន ទើបលោកប្រធានសហគមន៍រូបនេះ រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកចាប់តែម្តង។ ប្រភពដដែលបន្តថា កន្លងមកឱ្យតែមានការបង់លុយ គឺអាចចេញទៅឆក់ត្រីបានដោយសេរី ខណៈនៅថ្ងៃកើតហេតុ ក៏មានអ្នកនេសាទដទៃទៀតប្រើឧបករណ៍ឆក់ និងអូសត្រីឆ្លូញក្នុងតំបន់អភិរក្សនោះដែរ ប៉ុន្តែមិនត្រូវបានចាប់ខ្លួនឡើយ។



ស្ថានភាពគ្រួសារដ៏ជូរចត់ក្រោយបង្គោលរបងត្រូវជាប់ឃុំនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារព័ត៌មានបានចុះទៅដល់ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជល់គីរី។ អ្នកស្រី សុខ ខា ត្រូវជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា គ្រួសារអ្នកស្រីកំពុងជួបទុក្ខជាន់លើទុក្ខ។ ក្រៅពីកូនតូចៗ ៥ នាក់ក្នុងបន្ទុក អ្នកស្រីត្រូវមើលថែម្ដាយបង្កើតដែលមានវ័យជរា វង្វេងស្មារតី និងឪពុកម្ដាយក្មេកដែលមានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន។
ដោយសារតែជីវភាពខ្វះខាតខ្លាំង និងឪពុកត្រូវជាប់ឃុំ កូនស្រីច្បងដែលកំពុងរៀនថ្នាក់ទី៨ បង្ខំចិត្តបោះបង់ការសិក្សា ទៅស៊ីឈ្នួលបេះម្ទេសឱ្យគេ ដើម្បីបានប្រាក់កម្រៃ ១៥,០០០ ទៅ ២០,០០០ រៀលក្នុងមួយថ្ងៃ យកមកទិញទឹកដោះគោឱ្យប្អូនប្រុសតូច។
មជ្ឈដ្ឋានជុំវិញ និងប្រជាពលរដ្ឋបានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួយពិនិត្យលើភាពមិនប្រក្រតីនៃការគ្រប់គ្រងរបស់លោក កឹម ហៃ ប្រធានសហគមន៍នេសាទតំបន់អភិរក្ស ៧អា នេះផង ដើម្បីផ្ដល់យុត្តិធម៌ និងការពារធនធានមេពូជត្រីឱ្យមានប្រសិទ្ធភាពពិតប្រាកដ។




ជុំវិញការរៀបរាប់ពីអំពើពុករលួយនិងការចាប់ខ្លួនជនសង្ស័យអង្គភាពសារព័ត៌មានរិទ្ធីដាវដែកពុំមានលេខទូរសព្ទដើម្បីទំនាក់ទំនងសាកសួរទៅលោក កឹក ហៃ ប្រធានសហគមន៍នេសាទតំបន់អភិរក្ស ៧អាបាននៅឡើយទេដូច្នេះសូមលោកទឹកហៃបកស្រាយជុំវិញករណីនេះផង។
