ឧត្ដមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យទីបញ្ជាការស្រាលដែលទើបបង្កើតថ្មី នៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ និងដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ ត្រូវការពារ និងចាប់ឃាត់ខ្លួនជនល្មើសដែលលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ យកទៅផ្តន្ទាទោសតាមច្បាប់ ឲ្យបានដាច់ខាត ។

ខេត្តកំពង់ធំ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យការរៀបចំទីបញ្ជាការស្រាលទើបបង្កើតបន្ថែមថ្មី នៅតំបន់អូរដូង និងបានប្រគល់ភារកិច្ចជូនដល់កងកម្លំាងចម្រុះ ដែលមានភារកិច្ចប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាប់ព្រំប្រទល់ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងចម្រុះ ដែលមានភារកិច្ចប្រចាំការនៅទីនេះ ត្រូវការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ នៅតំបន់អូរដូងនិងតំបន់អូរកង់ជាថ្មីទៀតបានជាដាច់ខាត ។ កងកម្លាំងចម្រុះទាំងអស់ ត្រូវល្បាតត្រួតពិនិត្យ និងធ្វើសកម្មភាពឲ្យបានជាប់ជាប្រចាំ និងត្រូវឃ្លាំមើល ចាប់ឃាត់ខ្លួនឲ្យបានជនល្មើសលួចកាប់ទន្ទ្រានព្រៃឈើជាក់ស្ដែង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ។ ហើយជាមួយនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានដឹកនាំកងកម្លំាងចម្រុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាពទូទៅ នៅក្នុងភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ហើយនិងបានទៅត្រួតពិនិត្យឡើងវិញ នៅតំបន់អូរកង់ ដែលត្រូវរងការកាប់ទន្ទ្រាននៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅផងដែរ និងបានជម្រុញដល់មន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាសមាជិកនៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីអនុវត្តតាមនីតិវិធីជំនាញ រៀបចំដីការដកហូតដីព្រៃឈើ ដែលបានកាប់ទន្ទ្រានកន្លងទៅ យកមករក្សាទុកជាសម្បត្តិរដ្ឋ តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលបានដាក់បទបញ្ជានាពេលកន្លងទៅរួចមកហើយ ។

នៅក្នុងឱកាស នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លំាងចម្រុះ បោះស្លាកសញ្ញាហាមឃាត់ ការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ របស់ក្រសួងបរិស្ថាន នៅតំបន់សំខាន់ៗ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ផងដែរ ។

កម្លាំង​ចម្រុះ​ ទាំង​អស់​ដែល​ប្រចាំ​ការ​ នៅ​ទី​បញ្ជាការ​ស្រាល​ដែល​ទើប​បង្កើត​ថ្មី​ នៅ​អូរ​ដូង​ ជាប់​ព្រំ​ប្រទល់​ខេត្តកំពង់​ធំ​ និង​ខេត្ត​ក្រចេះ​ បាន​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្តន៍​តាម​បទ​របស់​ឯកឧត្ដម​នួន​ ផារ័ត្ន​អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ និង​ការប្រគល់​ភារកិច្ច​របស់​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុ​ប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​ ។