ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ខ្នងបន្ថែមទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យ ការសាងសង់ផ្ទះថ្មី ចំនួន ៣៥ខ្នង បន្ថែមទៀត សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈរបស់រដ្ឋ  ដែលកំពុងដំណើរការសាងសង់ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ បានដំណើរការរៀបចំជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ នៅឆ្នាំ២០២១ និងបានធ្វើការចាប់ឆ្នោតផ្ដល់ជូន និងប្លង់ដីឡូ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមកដល់ពេលនេះមានរយៈពេល ៥ ឆ្នាំរួចមកហើយ  ដែលបច្ចុប្បន្នមានក្រុមគ្រួសារអតីតយុទ្ធជនបាននិងកំពុងរស់នៅ ចំនួន ២០៦ គ្រួសារ ។ ដោយការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចនេះ ធ្វើឡើងជាបីដំណាក់កាលគឺ៖ ទីមួយ  បានផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះចំនួន ១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានទំហំដី មួយហិកតាកន្លះ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ។  លើកទី២  ផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ៦៥ គ្រួសារ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលមានផ្ទៃដីផ្ដល់ជូនក្នុងមួយគ្រួសារមួយហិកតា និងលើកទី ៣ កំពុងដំណើរការសាងសង់នេះ គ្រោងរៀបចំផ្ដល់ដីលំនៅឋានជូនគាត់ ក្នុងទំហំ ១២៥០ម៉ែតការ៉េ ហើយនិងរៀបចំដីសម្រាប់បង្ករបង្កើនផលដោយឡែក ដើម្បីផ្ដល់ជូនគាត់ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ អណ្ដូងទឹកស្អាត និងតបណ្ដាញប្រព័ន្ធអគ្គិសនី ជូនបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ មរតកតេជោធិបតីត្លុកព្រីងនេះ និងសូមគោរពជូនពរ សម្ដេច លោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីរៀងទៀតឡើយ។