(កំពង់ធំ)÷ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក កែ ប៊ុនហួរ ប្រធានពន្ធនាគារខេត្តលោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ និងលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនដល់ពិរុទ្ធជនក្នុងពន្ឋនាគារ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ ថ្លែងថាជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង  ដោយបានជួយដោះស្រាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ស្រ្តី និងកុមារដែរទីទ័លក្រ ក្រៅពន្ឋនាគារ និងពិរុទ្ឋជនដែលនៅក្នុងខេត្តកំពង់ធំផងដែរ។ ជាមួយនោះដែរ លោកជំទាវ និងក្រុមការងារទាំងអស់ បាននាំយកឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនមកជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ បានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់អ្នកជាប់ពន្ធធនាគារជួបបញ្ហាឱ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ដែលត្រូវចែកជូនដល់នាក់ជាប់ពន្ធនាគាររួមមាន÷ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី