នៅព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តសៀមរាបបានធ្វើការការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ. ឯក ឆ្នាំសិក្សា២០២៥-២០២៦ ដែលជាការប្រឡងកម្រិតជាតិសម្រាប់សមណសិស្ស និងសិស្សទូទាំងប្រទេស ដើម្បីវាស់ស្ទង់ចំណេះដឹងផ្នែកពុទ្ធសាសនា វិន័យ និងសីលធម៌ មុននឹងបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សាហើយការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពី ក្រសួងធម្មការ និងសាសនា ហើយមន្ទីរធម្មការសាសនាខេត្តសៀមរាប បានសហការជាមួយ សាលាគណខេត្តទាំង២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និង ទទួលការ ណែនាំអនុញ្ញាតពី ឯកឧត្តមអភិបាលខេត្តដើម្បីរៀបចំការប្រឡងថ្នាក់ត្រី-ទោ-ឯកនេះ។




លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ការប្រឡងវិញ្ញាបន -បត្រធម្មវិន័យថ្នាក់ត្រី ទោ. ឯក ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងខេត្តសៀមរាប គឺមានសមណសិស្សនិងសិស្សចំនួន១ពាន់២៥៥អង្គ/នាក់ ដោយក្នុងនោះមានការប្រឡងចំនួន៦មណ្ឌល គឺមានមណ្ឌលប្រឡងសៀមរាប. មណ្ឌលប្រឡងសូទ្រនិគម.មណ្ឌលប្រឡងប្រាសាទបាគង.មណ្ឌលប្រឡងពួក.មណ្ឌលប្រឡងអង្គរជុំ និងមណ្ឌលប្រឡងបន្ទាយស្រី ។ លោកបានបញ្ជាក់ថា ក្នុងការប្រឡងនេះគឺសមណសិស្ស និងសិស្ស ដាក់ពាក្យប្រឡងថ្នាក់ត្រី មានចំនួន៩៩១ អង្គ/នាក់ ថ្នាក់ទោ មានចំនួន២៤០អង្គ/នាក់ និងថ្នាក់ត្រីមានចំនួន១០៤ អង្គ/នាក់ ។
មានថេរដីកាក្នុងពិធីបើកវិញ្ញាសារការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ. ឯក នៅមណ្ឌលប្រឡងសៀមរាប (វត្តស្វាយ) ព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះសុមង្គលសីលាចារ្យ ព្រះមេគណខេត្តសៀមរាប បានមានថេរដីកាថា ការប្រលងប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ. ឯកនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការស្វែងរកការជាប់ ឬធ្លាក់នោះទេ ប៉ុន្តែវាគឺជាការវាស់ស្ទង់នូវការយល់ដឹង ពីធម៌វិន័យ ព្រះពុទ្ធវចនៈ និងសីលធម៌រស់នៅ ។ ព្រះមេគណខេត្តបន្តថា ព្រះពុទ្ធសាសនាអាចគង់វង្សទៅបាន គឺអាស្រ័យលើការសិក្សារៀនសូត្រ និងការប្រតិបត្តិឱ្យបានត្រឹមត្រូវរបស់សមណសិស្ស និងពុទ្ធបរិស័ទគ្រប់រូប ហើយវិស័យពុទ្ធិកសិក្សា គឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានសង្ឃ ឱ្យមានទាំងចំណេះដឹង និងគុណធម៌ ដើម្បីបន្តវេនដឹកនាំផ្លូវចិត្តរបស់មនុស្សក្នុងសង្គម ។






ព្រះធម្មសិរី ជុំ គឹមឡេង បានមានថេដីកាថាព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលមិនត្រឹមតែបំភ្លឺផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងកសាងសន្តិភាពក្នុងសង្គម កិច្ចការអភិវឌ្ឍន៍ផ្នែកអាណាចក្រ មិនអាចកាត់ផ្តាច់ពីការរីកចម្រើនផ្នែកពុទ្ធចក្របានឡើយ។ ការដែលព្រះសង្ឃ និងសិស្សានុសិស្សខិតខំសិក្សារៀនសូត្រធម៌វិន័យ គឺស្មើនឹងការចូលរួមចំណែកកាត់បន្ថយអំពើអបាយមុខ និងបង្កើនធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ជាតិមាតុភូមិ។
ក្នុងនោះដែរព្រះអង្គ ក៏បានមានថេរដីកាផ្តាំផ្ញើរដល់សមណសិស្សទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព រក្សាសណ្តាប់ ធ្នាប់ និង គោរពវិន័យនៃការប្រឡងឲ្យបានខ្ជាប់ខ្ជួននិង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពព្រោះការប្រឡងនេះគឺមានភាពយុត្តិធម៌ និងតម្លាភាព ៕
