(កំពង់ធំ)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកតាំងគោក បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរគឺ ឃុំស្រឡៅ និងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងគោលបំណងស្តាប់នូវរាល់ក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។



វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកប៊ុនឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក លោកហាក់ម៉ុងហួត អភិបាល.នៃគណៈអភិបាលស្រុកតាំងគោកដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ, មេភូមិ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋប្រមាណ២៤២នាក់។
នៅក្នុងឱកាសនោះ គណៈអធិបតីបានបើកឱកាសយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការលើកឡើងជាមតិយោបល់ សំណួរ និងសំណូមពរផ្ទាល់មាត់ ក៏ដូចជាតាមរយៈលិខិត ដែលភាគច្រើនផ្តោតទៅលើ៖
១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ការជួសជុល និងស្ថាបនាផ្លូវលំជនបទ, ប្រព័ន្ធធារាសាស្ត្រ (ប្រឡាយទឹកសម្រាប់ធ្វើស្រែចំការ)។
២. សេវាសាធារណៈ៖ ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ឃុំ និងស្រុកឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។
៣. សន្តិសុខសណ្តាប់ធ្នាប់៖ ការពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងការបង្ក្រាបបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង។






ប្រសាសន៍ណែនាំ៖ លោក ហាក់ ម៉ុងហួត បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយទៅលើរាល់កង្វល់របស់ប្រជាពលរដ្ឋ។ ចំពោះសំណើដែលអាចដោះស្រាយបានភ្លាមៗ គណៈអភិបាលស្រុកបានចាត់ចែងឱ្យមន្ត្រីជំនាញចុះអនុវត្តភ្លាម។ ចំណែកឯសំណើដែលហួសពីសមត្ថកិច្ចរបស់ស្រុក គណៈកម្មការរៀបចំវេទិកានឹងកត់ត្រាចូលក្នុងរបាយការណ៍ ដើម្បីស្នើសុំទៅថ្នាក់លើជួយដោះស្រាយបន្ត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ ស្រុក ខណ្ឌ ដើម្បីធានាថា៖ ប្រជាពលរដ្ឋទទួលបានព័ត៌មានពីការងារអភិវឌ្ឍរបស់ស្រុក។
បង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋានតាមគោលការណ៍តម្លាភាព និងគណនេយ្យភាព។








ជាទីបញ្ចប់គណៈអធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលចូលរួម និងផ្តល់មតិរិះគន់ដើម្បីស្ថាបនា ដែលនេះជាកត្តាជំរុញឱ្យស្រុកតាំងគោក កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក




