ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCBចុះពិនិត្យ ព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ,ស្រុកក្រឡាញ់ និង ស្រុកពួក
ដោយទទួលបានឯកភាពពីសំណាក់រដ្ឋបាលខេត្តសៀមរាប អង្គការក្លឹប Rotary Angkor បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB បានរៀបចំយុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំ ចាន់សរ ស្រុកសូទ្រនិគម , ឃុំ រោងគោ ស្រុកក្រឡាញ់ និង ឃុំរើល ស្រុកពួក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតថវិកាក្នុងការព្យាបាលជម្ងឺ




ព្រមទាំងបានធ្វើការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដល់គ្រួសារក្រីក្រ ចំនួន ៣០០គ្រួសារទៀតផង ។
ក្នុងដំណើរបំពេញបេសកកម្មចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ឆៃ វៃទើ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ ក្នុងរយៈពេល៣ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និង ព្យាបាលជម្ងឺទូទៅ រួមមាន ជម្ងឺមាត់ធ្មេញ , បេះដូង , សន្លាក់ , ពោះវៀន ក្រលៀន ,រោគស្ត្រី និង ជម្ងឺកុមារជាដើម ។ ជាមួយនឹងការទទួលបានការឯកភាពនេះ ដើម្បីធានាបាននូវសុវត្ថិភាពជូនពលរដ្ឋដែលទៅទទួលសេវា ពិនិត្យជម្ងឺ រដ្ឋបាលខេត្តបានណែនាំដល់អង្គការក្លឹប Rotary Angkor ត្រូវសហការជាមួយនឹងរដ្ឋបាលស្រុកទាំងបី និង មណ្ឌលសុខភាពទាំងបីទីតាំង ក្នុងការត្រួតពិនិត្យគុណភាព និង ការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងជួយសម្របសម្រួល សន្ដិសុខសុវត្ថិភាព របៀបរៀបរយក្នុងកំឡុងពេលពិនិត្យ ព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។






តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឆៃ វៃទើ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ បានឲ្យដឹងថា មន្ទីរពេទ្យ Mackay មានអាយុកាល ១៥០ឆ្នាំមកហើយ ព្រមទាំងបានចុះធ្វើការពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជននៅតាមបណ្តាប្រទេសនានា លើពិភពលោក ក្នុងទឹកចិត្តស្រឡាញ់រួមគ្នាពិនិត្យសុខភាពដោយឥតគិតថ្លៃ ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាក់ស្តែង ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យMackayតៃវ៉ាន់ និងធនាគារUCB បានដឹកនាំគ្រូពេទ្យចំណានៗ ចុះមកពិនិត្យព្យាបាលជម្ងឺទូទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ,ស្រុកក្រឡាញ់ និង ស្រុកពួក បានចំនួនប្រមាណជាង១ពាន់នាក់ ព្រមទាំងបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ ,គ្រឿងទេស , ភួយ និង ថវិកា មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួ៣០០គ្រួសារ។






ក្នុងការងារសប្បុរសធម៌នេះរបស់មន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor និងបន្តចូលរួម ក្នុងការដោះស្រាយនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាក្រុង ស្រុកផ្សេងៗទៀតក្នុងខេត្តសៀមរាប ។
ឱកាសនោះដែរតំណាងអាជ្ញាធរស្រុកទាំងបី បានធ្វើការថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB រួមអង្គការក្លឹប Rotary Angkor ដែលបានចុះធ្វើការព្យាបាល ជម្ងឺប្រជាពលរដ្ឋនៅក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ឃុំរោងគោ ស្រុកក្រឡាញ់ និង ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលក្រុមគ្រូពេទ្យ ស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និង ផ្តល់គ្រឿង ឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រទៀតផង ៕








