ខេត្តសៀមរាប÷ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ប្រចាំឆមាសទី១ឆ្នាំ២០២៦ ​នៅរដ្ឋបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំឲ្យមន្ត្រីពាក់ព័ន្ធ​និងសមត្ថកិច្ចជំនាញ បន្តជម្រុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានលឿននិងគ្រប់ៗគ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីបរទេស​និងដើម្បីធានាថាប្រជាពលរដ្ឋទទួលបានឯកសារសម្គាល់ខ្លួនាន់ពេលសម្រាប់ប្រើប្រាស់។ ហើយសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីដើម្បីសម្រួលដល់ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋចំណាកស្រុកអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តកន្លែងដែលខ្លួនកំពុងស្នាក់នៅផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះទេ ហើយព្រមទាំងដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។


ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៍បានមានប្រសាសន៍បន្តថា មន្ត្រីផ្តល់សេវាទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវនីតិវិធី និងបទដ្ឋាន បច្ចេកទេសដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព តម្លា ភាព គណនេយ្យភាព និងការបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងការតាមដាន វាយតម្លៃ និងរាយការណ៍អំពីវឌ្ឍនភាព បញ្ហា ប្រឈម និងសំណូមពរនានា ក្នុងអំឡុងពេលអនុវត្ត ដើម្បីអាចធ្វើការកែលម្អ និង ដោះស្រាយបញ្ហាបានទាន់ពេលវេលា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៍បានមានប្រសាសន៍​ណែនាំឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចុះធ្វើរដ្ឋបាលចំហឱ្យបានជាប្រចាំដូចភ្លៀងរលឹមត្រូវយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ និងបង្ក្រាបបញ្ហាក្មេងទំនើង, គ្រឿងញៀន, និង ល្បែងស៊ីសងគ្រប់ប្រភេទ។  ពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋមន្ត្រីរាជការស៊ីវិល គ្រឹះស្ថានសិក្សា និងវិស័យឯកជន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន» ដោយតម្រូវឱ្យកម្លាំងសមត្ថកិច្ចទាំងអស់អនុវត្តតួនាទីដោយម៉ឺងម៉ាត់ ខិតខំបម្រើផលប្រយោជន៍ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាចម្បងផងដែរ ។


លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប​ បានលើកឡើងថា ស្របតាមកម្មវិធីនយោបាយ និង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោ​មការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តមអភិសន្តិបណ្ឌិត   ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែចាត់ទុក «សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ» ជាអាទិភាពចម្បង និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបា​ន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ។ លោកបានបន្តទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្កើនការស្រាវជ្រាវ បង្ក្រាប និងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពល​រដ្ឋឲ្យបានទូលំទូលាយ អំពីកលល្បិចរបស់ក្រុមជនខិលខូច ដើម្បីកាត់បន្ថយ និងលុបបំបាត់ការឆបោកតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់  និង បានបន្តអនុវត្តវិធានការក្តៅ ក្នុងការបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន  ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲ្យអស់ជាស្ថាពរ និង បង្កើតផ្សព្វផ្សាយការប្រើប្រាស់ APP NoDruge ។

នៅក្នុងរបាយការណ៍សង្ខេបប្រចាំឆមាសទី១ឆ្នាំ២០២៦ របស់ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថា៖ លទ្ធផលបង្រ្កាបបទល្មើស ល្បែងស៊ីសង​និង កិច្ចប្រតិបត្តិការណ៍ផ្សេងៗមានដូចជា ៖ ក.បទល្មើសព្រហ្មទណ្ឌ បានកើតឡើង ៣៧/៧០លើក ធៀបឆមាសទី១ ឆ្នាំ២០២៥ ថយចុះ ៣៣លើក -ការបង្ក្រាប ៣៧/៣៧ល ស្មើនឹង ១០០% ឃាត់ខ្លួនជនសង្ស័យ ៦៥នាក់ ស្រី ១នាក់ . ខ.លទ្ធផលបង្ក្រាបល្បែងស៊ីសង : បង្ក្រាបបាន ២/៥លើក ធៀបឆមាសទី១ ឆ្នាំ២០២៥ ថយ ៣លើក – គ.លទ្ធផលបង្ក្រាបគ្រឿងញៀន : បង្ក្រាបបាន ១៦០/១៧៦លើក ធៀបឆមាសទី១ ឆ្នាំ២០២៥ ថយ ៧លើកឃាត់ ៨៣៦នាក់ ស្រី ៣៩នាក់ និងអនុវត្តដីកា ១៨លើក ឃាត់ ១៨នាក់។ ឃ. លទ្ធផលបង្ក្រាប Online Scams : បង្ក្រាបបាន ៤លើក ឃាត់ខ្លួនជនសង្ស័យ ១២៦នាក់ ស្រី ២៥នាក់ =១១សញ្ជាតិ – ង.បទល្មើសសេដ្ឋកិច្ច៖ បង្ក្រាបបាន ១៦/២៤លើក ធៀបឆមាសទី១ ឆ្នាំ២០២៥ ថយ ៨លើក-បទល្មើសជលផល ២ករណី-បទល្មើសធនធានរ៉ែ ៣ករណី -បទល្មើសព្រៃឈើ ៩ករណី-បទល្មើសផលិតផលមានកំណើតពីសត្វ ១ករណី-បទល្មើសសុខាភិបាល និងសុខុមាលភាព ១ករណី ៕