ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ចំនួន ៣២០ នាក់ ដែលបានទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈនាយឧត្ដមសេនីយ៍ម៉ៅ សុផាន់ និងលោកជំទាវបណ្ឌិត ជា សេរី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ។



ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាស្រុកសណ្ដាន់ បានជួបជុំប្រជាពលរដ្ឋ វគ្គទីមួយ ចំនួន ១០៩ នាក់ ក្នុងចំណោមប្រជាពលរដ្ឋ លោកយាយលោកតា ដែលមានបញ្ហាជំងឺភ្នែក ចំនួន ៣២០ នាក់ ដែលត្រូវឡើងទៅពិនិត្យនិងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាទីក្រុងភ្នំពេញ ក្រោមការជួយឧបត្ថម្ភសម្របសម្រួលជាមួយលោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ព្រមទាំងការជួយដោះស្រាយ ការហូបចុក និងស្នាក់នៅ ពីសំណាក់លោកជំទាវបណ្ឌិត ជា សេរី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភគាំទ្រប្រេងឥន្ធនៈ និងមធ្យោបាយដឹកជញ្ជូន ។ ដែលពិធីជួបជុំសំណេះសំណាល និងជូនដំណើរនេះ ប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ។




លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ ដែលមានភារកិច្ចដឹកនាំលោកយាយលោកតា ដែលត្រូវទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញ បានឡើងរាយការណ៍បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ និងលោកយាយលោកតា ដែលត្រូវអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺភ្នែកមានចំនួន ៣២០ នាក់ ដោយចែកចេញជាបីវគ្គ គឺ វគ្គទី១ ត្រូវចេញដំណើរនៅព្រឹកថ្ងៃទី ១៣ ខែ សីហា ចំនួន ១០៩ នាក់ ដោយមានរថយន្តក្រុងចំនួន ៨គ្រឿង វគ្គទី២ ត្រូវចេញដំណើរនៅថ្ងៃទី ១៤ ខែ សីហា ដែលមានចំនួន ១១០ នាក់ ដោយមានរថយន្តចំនួន ៨ គ្រឿង និងវគ្គទី៣ ត្រូវចេញដំណើរនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៦ ចំនួន ១០១ នាក់ និងមានរថយន្តចំនួន ៨ គ្រឿង ។ ជាមួយនេះដែរ ជំនួសមុខឲ្យប្រជាពលរដ្ឋ និងលោកយាយ លោកតា ទាំងអស់ដែលត្រូវទៅពិនិត្យ និងព្យាបាលជំងឺភ្នែក សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។




ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកជំទាវបណ្ឌិត ជា សេរី និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់ ពិសេសចំពោះលោកយាយលោកតា ដែលត្រូវបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យឯកទេសពិនិត្យ និងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រមទាំងបានជួយដោះស្រាយការហូបចុក ការស្នាក់នៅ និងការដឹកជញ្ជូនពួកគាត់ទាំងទៅទាំងមក តាមផែនការដែលបានគ្រោងទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសូមគោរពជូនពរដល់លោកយាយលោកតា ដែលត្រូវអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញ សូមមប្រកបដោយជោគជ័យ និងសុវត្ថិភាព ក្នុងការស្នាក់នៅ និងធ្វើដំណើរទាំងពេលទៅនឹងពេលត្រឡប់មកវិញ។




