កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង ជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ មនុស្សធម៌ កាកបាទក្រហម កម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២០គ្រួសារ ក្នុង នោះ មក ពី ក្រុងកំពង់ចាម ចំនួន៦០គ្រួសារ និងមកពីស្រុកកំពង់សៀម ចំនួន៦០គ្រួសារ ដែល បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ២ ខែមិថុនា ឆ្នាំ ២០២០ នៅ សាលា ស្រុក កំពង់សៀម ដោយមានការ អញ្ជើញ ចូល រួម ពី លោកស្រី អនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយអនុសាខាក្រុងកំពង់ចាម និងស្រុកកំពង់សៀម ផងដែរ ។

បន្ទាប់ ពី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ចំពោះ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ គឺផ្តើមពីយើងម្នាក់ៗ ដែល ត្រូវ ថែទាំសុខភាពអោយបានល្អ ដោយប្រកាន់យកនូវវិធានការអនាម័យស្អាត ៣យ៉ាង គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។ ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ តាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ” ។


ក្នុងឱកាសនោះ ដែរ លោក អភិបាលខេត្ត បាន នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតក្នុងជីវភាព ទាំង១២០គ្រួសារ ដោយ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវយឺត ម៉ាស់ និងថវិកា ២០,០០០ រៀលផងដែរ ៕