នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយ រីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១ពាន់២០០នាក់។




មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរចំពោះស្មារតីចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលនេះនដែលនេះ បានបង្ហាញពីសកម្មភាពរួមគ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាបទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយរបស់យើងទាំងអស់គ្នា។ ឯកឧត្ដមរដ្ឋមន្រី្តមានប្រសាសន៍ថា ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំនូវព្រឹត្តការណ៍នេះជារៀងរាល់លើក ដែលជាព្រឹត្តការណ៍អម ព្រឹត្តការណ៍សមរាត្រីដោយក្នុង១ឆ្នាំមានចំនួន២ដង គឺនៅក្នុងខែមីនា និងខែកញ្ញា ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះក៏មានព្រឹត្តការណ៍អមមួយទៀតគឺដើរកម្សាន្តនៅឧទ្យានជាតិ ព្រះជ័យវរ្ម័នភ្នំគូលែន និងនៅថ្ងៃស្អែករដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តការណ៍ដើរកម្សាន្តទៅទស្សនាសមរាត្រី។





លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ក្នុងរដូវកាលបៃតង គឺជាឱកាសដ៏ល្អដើម្បីបង្ហាញភាពស្រស់ស្អាតនៃធម្មជាតិ និងបរិយាកាសបៃតងក្នុងតំបន់អង្គរ ព្រមទាំងជំរុញដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរប្រកបដោយភាពសកម្មក្នុងការមកទស្សនានៅតំបន់រមណីយដ្ឋានអង្គរ។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានជួយឧបត្ថម្ភ និងបានសហការគ្នាយ៉ាងល្អដែលធ្វើឲ្យព្រឹត្តការណ៍នេះប្រព្រឹត្តដោយរលូន នឹងទទួលបានជោគជ័យ៕




