មន្ត្រីអត់បានការ÷ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បទល្មើសទាំងនេះកើតឡើងទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿង ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមអ្នកដឹកឈើបានបើកបរឆ្លងកាត់មុខស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។ស្ថានភាពនេះនាំឱ្យមានការចោទប្រកាន់ថា




មន្ត្រីមូលដ្ឋានមួយចំនួនមិនត្រឹមតែអសកម្មក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសមគំនិតជាមួយក្រុមឈ្មួញ ដោយប្រមូលលុយជាថ្នូរនឹងការបើកដៃឱ្យមានការដឹកជញ្ជូនឈើដោយសេរី។
សកម្មភាពនេះកំពុងដើរផ្ទុយស្រឡះពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលតែងតែជម្រុញឱ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។ សាធារណជនសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត នឹងមានវិធានការក្តៅ ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្មចំពោះមន្ត្រីខិលខូច ព្រមទាំងការពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព ដើម្បីការពារសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។




