កំពង់ធំ៖ ដោយយោងលើការចាំបាច់ ផ្តល់ដីរបស់រដ្ឋដើម្បីធ្វើការវិនិយោគឲ្យក្រុមហ៊ុន សម្រាប់ជាប្រយោជន៍រួម និងជាចំណូលស្របច្បាប់ជូនរាជរដ្ឋាភិបាល, រដ្ឋបាលខេត្តកំពង់ធំ សម្រេចចុះរើសម្ភារសំណង់ និងសម្ភារអគ្គិសនីរបស់សេវាករ តាំងក្រសាំង ដែលបានសុំដីរបស់រដ្ឋធ្វើជាទីតាំងបណ្តុះអាសន្នអស់រយៈពេលជិត២០ឆ្នាំកន្លងមក។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០, រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ចុះធ្វើកិច្ចសន្យាឲ្យសេវាករតាំងក្រសាំង ស្ថិតស្រុកស្ទុក ខេត្តកំពង់ធំ រុះរើសម្ភារ សំណង់ និងសម្ភារអគ្គិសនី របស់លោក គ្រឹង សាន ចេញពីទីតាំងចាស់ ទៅដាក់ទីតាំងថ្មី។ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ទីតាំងដែលសេវាករក្រុមហ៊ុនអគ្គិសនីរបស់លោក គ្រឹង សាន កំពុងដាក់សម្ភារៈ និងធ្វើជាកន្លែងសម្រាប់ផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋលើទីតាំងនេះ គឺដីរបស់ឃុំ និងស្រុក ដែលជាដីរបស់រដ្ឋ ហើយត្រូវបានសេវាករខ្ចីដាក់ទីតាំងបណ្តុះអាសន្ន អស់រយៈប្រមាណជិត២០ឆ្នាំហើយ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ រដ្ឋចាំបាច់ត្រូវការផ្តល់ទីតាំងនេះជាដីវិនិយោគឲ្យទៅក្រុមហ៊ុន ដែលទទួលបានចំណូលស្របច្បាប់ជូនរដ្ឋ ដើម្បីជាប្រយោជន៍រួមផង និងអាចរក្សាដីនេះជាដីរបស់ឲ្យបានគង់វង្សផងដែរ។

លោកបន្តថា មុននិងសម្រេចឲ្យហ៊ុនរបស់សេវាករ តាំងក្រសាំង ធ្វើកិច្ចសន្យារុះរើដោយបង្ខំនៅពេលនេះ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើសម្របសម្រួលជាច្រើនលើក ច្រើនសាររួចមកហើយ, ប៉ុន្តែភាគ្គីក្រុមហ៊ុនហាក់ដូចជាមិនសហការ បែរជាអូសបន្លាយពេលវេលាជាច្រើនខែ ធ្វើឲ្យរំខានដល់ការអភិវឌ្ឍន៍ និងផែនការវិនិយោគ។ បើទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត នៅតែបន្តបន្តធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បីឲ្យក្រុមហ៊ុនធ្វើរុះរើសំណង់ និងដឹកជញ្ជូនសម្ភារចេញពីទីតាំងចាស់ទៅដាក់ទីតាំងថ្មី។

ផុតឱសានវាទនេះ រដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ក្នុងអំឡុងពេលធ្វើការអភិវឌ្ឍន៍ទីតាំងនេះនោះឡើយ។ លោកបញ្ជាក់ថា ចំពោះការរុះរើទីតាំងចាស់នេះមិនធ្វើឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ព្រោះមន្រ្តីជំនាញរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាបានសិក្សារលំអិតពីផលប៉ះពាល់រួមមកហើយ។








