(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានក្រើនរម្លឹងដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវតែយកចិត្តទុកដាក់កែលម្អចំពោះអង្គភាពរបស់ខ្លួន និងមានស្មារតីចេះទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លូន។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។


ឯកឧត្តមបានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះនិងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ។


ឯកឧត្តមបានបន្តថាចំពោះភូមិ/ឃុំមានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពានផ្សេងៗដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរនិង អ្វីដែលជាបញ្ហាប្រឈមគីជំងឺកូវិដ១៩ កំពង់តែរាតត្បាតលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងហើយ អាជ្ញធរក្រុង ស្រុក និងមន្ទីរ អង្គភាព ត្រូវតែយកចិត្តទុកដាក់ផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋអោយយល់ដឹងពីការធ្វើអនាម័យអោយបានស្អាតកុំអោយឆ្លងជំងឺកូវិដ១៩។ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដង ជាពិសេស អនុវត្តអោយបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ក្នុងនេះត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាងជាប្រចាំ , ការប្រើម៉ាស់ ឬ កន្សែង ឬ ក្រម៉ា ខ្ទប់មាត់ ច្រមុះ ហើយ ត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំមានលក្ខណៈប្រមូលផ្តុំឡើយ។


ត្រូវផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាពស្របតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ជាពិសេសអប់រំដល់មន្ត្រីដែលត្រូវអនុវត្តច្បាប់ឲ្យគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ។

គួរបញ្ចាក់ថារបៀបវារកិច្ចប្រជុំមាន៖១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យនិងអនុម័តសេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជាសមញ្ញារបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ឆ្នាំទី២ “២០២០-២០២១” ។
៤.បញ្ហាផ្សេងៗ៕