កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខលោកយាយឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរា រស់នៅជាមួយចៅស្រី១នាក់ និងក្មួយស្រី១នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០៧ ឆេះផ្ទះទំហំ ទទឹង៤ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រ ប្រក់ស្លឹក នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ បាននាំយកនូវសម្ភារប្រើប្រាស់មាន៖ អង្ករ ៥០គីឡូក្រាម និងបច្ច័យចំនួន១០០,០០០រៀល ជាទឹករបស់ព្រះសីលាភិរ័ត ហែម ឡូត ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង រួមជាមួយថវិកាលោកជំទាវ និងក្រុមការងារចំនួន ៥០០,០០០រៀល និងសម្ភារមួយចំនួនផងដែរ ៕