កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបាន លោក ថោង ចំរើនប្រធានមន្ទីរ លោកឈាង ចន្ធី លោកស្រី សោម ស៊ីឡេង លោក ឈន សារិន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត បានអោយដឹងថាៈប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន១០គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកថោង ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលលោកតែងតែបានគិតគូរ យកចិត្តទុកដាក់ អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

លោក ថោង ចំរើន ក៏បានផ្តាំផ្ញើដល់អាជ្ញាធរត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះទេ ។

លោក ថោង ចំរើន បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕





