មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់កង់ ម៉ូតូ របស់ម្ចាស់ផ្សាររលួស
សៀមរាប = អាជីវកម្មម្ចាស់ផ្សាររលួសស្ថិតក្នុងស្រុកប្រាសាទបាគង បានយកមាត់ស្ទឹងរលួស ទីតាំងរកស៊ីដាក់ការាស់កង់ ម៉ូតូ ច្រើនឆ្នាំមកហើ្យ និងនៅខាងក្រោយផ្សារយកផ្លូវសាធារណៈដាក់លក់ពេញថ្នល់គ្មានអាជ្ញាធរអើពើរឿងនេះទេ សង្ស័យបានទទួលប្រយោជន៍។

អាជីវកលក់ដូរថា អ្នកគ្រប់គ្រងផ្សារនេះខ្វះសណ្ដាប់ធ្នាប់លើទីផ្សារ ចេះតែដើរយកភាស៊ីតែប៉ុណ្ណោះមិនសូវចុះរៀបចំផ្សារនោះទេ ធ្វើអោយកន្លែងខ្លះគ្មានអនាម័យ ទុកឲ្យសំរាមគរស្អុយរលួយយូរថ្ងៃ អាជីវកលើកឡើងថា ល្មមដល់ពេលហើ្យក្នុងការរៀបចំទីផ្សារថ្មីដោយធ្វើយ៉ាងណាឲ្យមានកន្លែងសមរម្យជាងនេះ។
ពលរដ្នថ្លែងថាកន្លែងទុកដាក់កង់ ម៉ូតូ នៅតាមមាត់ស្ទឹងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យទេសចរណ៏ទៅទស្សនានៅរមណីយដ្ឋានកំពង់ភ្លុក តើអាជ្ញាធរគួរតែមានវិធានការបែបណាទៅលើម្ចាស់គ្រប់គ្រងទីផ្សារមួយនេះ។

កាលកន្លងមក មានតូបលក់ដូរមួយចំនួនត្រូវបានលោកអភិបាលស្រុកប្រាសាទបាគងចាស់ធ្វើការបោសសំអាតតូបលក់ដូរទាំងនោះចោលអស់នៅតាមមាត់ស្ទឹងរលួស ឥឡូវល្មមដល់ពេលលោកអភិបាលស្រុកឡើងថ្មីធ្វើការបោសសំអាតម្ដងមើល។ មហាជនយល់ថា មានតែលោកសូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគងតែមួយគត់អាចរៀបចំទីនោះឲ្យមានរបៀបរៀបរយបាន។
លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា លោកនិងចុះសិក្សាមើលថាតើគួរធ្វើយ៉ាងណា ហើយលោកសុំសំណូមពរអោយ ពលរដ្នក៏ដូចជាអាជីវករចូលរួមវិចខ្ចប់ការសំណល់ទុកដាក់អោយបានសមរម្យ ងាយស្រួលអោយរថយន្ដដឹកជញ្ចូន ចំណែកការកក់ស្ទះចរាចរណ៍ដោយយកមាត់ស្ទឹងធ្វើចំណត់កង ម៉ូតូ និងបញ្ហាចាក់សំរាម លោកថា គេមានគំរោងដើម្បីស្ដារស្ទឹងនេះនៅសប្ដាហ៍ក្រោយនេះហើយ។

ចំណែកអ្នកគ្រប់គ្រងទីផ្សាររលួសនេះយើងមិនអាចសុំការឆ្លើយបំភ្លឺជុំវិញបញ្ហារឹះគន់របស់ពលរដ្ននៅឡើយទេ ដោយសារយើងពុំមានលេខទូស័ព្ទ៕ប៊ុនរិទ្ធី
