សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យបន្លំលួចចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន នៅផ្សារស្ទឹងសែន

កំពង់ធំ៖ ស្ត្រីម្នាក់សមត្ថកិច្ចឃាត់ខ្លួនករណីបន្លំលួចចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន នៅផ្សារស្ទឹងសែនកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី២៥  ខែមីនា  ឆ្នាំ២០២០ នៅចំណុចតូបលេខ ២២ តូបលក់គ្រឿងអលង្ការ ផ្សារស្ទឹងសែន ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ បូង ណៃ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានធ្វើសកម្មភាពចូលសួររកទិញខ្សែកចិញ្ចៀននៅតូបជនរងគ្រោះឆ្លៀតឱកាសមានមនុស្សចូលទិញច្រើនជនសង្ស័យបានបន្លំលួចយកចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់១ជី ៩ហ៊ុន ។

 ជនរងគ្រោះឈ្មោះ ជៀប ចាន់ថេង ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាត់ចិញ្ចៀនផ្លាកទីនមួយវង់ទម្ងន់ ១ជី ៩ហ៊ុន ។

ករណីនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីកសាងសំនុំរឿងតាមនិតិវិធី។

លោក ញែម ឈុនលី​ អធិការក្រុងស្ទឹងសែនបានអោយដឹងថា  នៅវេលាម៉ោង២ ថ្ងៃទី២៦ ខែ​មិនា​ឆ្នាំ២០២០នេះ​និងបញ្ចូនទៅទោតុលាការ៕ប៊ុនរិទ្ធី​