បាត់ដំបង៖ វង់ល្បែង បៀរ អាប៉ោង មួយកន្លែង បានបើកលេងស៊ីសង់ យ៉ាងពពាក់ពពូន មិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបសោះ ជាពិសេស ការប្រមូលផ្ដុំគ្នា មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ ដែលមានទីតាំងស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពើជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។យោងតាមការនិយាយពីក្រុមញៀនល្បែងបានឲ្យដឹងថា វង់ល្បែង អាប៉ោងនេះបានបើកលេងយូរមកហើយមានអ្នកចូលទៅលេងរៀងរាល់ថ្ងៃ។

ករណី វង់ល្បែងអាប៉ោង នេះ អ្នកព័ត៌មាននៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ នៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល។
ពាក់ព័ន្ធ នឹងល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រពីជើង រំពឹងថាសមត្ថកិច្ចស្រុក និងខេត្តបាត់ដំបង នឹងមានការបង្ក្រាបជាក់ជាមិនខាន។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញថា លោកបានដាក់បទបញ្ជា អោយអធិការគ្រប់ស្រុករួចរាល់ហើយ គឺមិនអនុញាតឲ្យមានលេងល្បែងស៊ីសងតាមមូលដ្ឋានជាដាច់ខាត។

លោកបន្តទៀតថា ដោយអនុវត្ត ការពារសុវត្ថិភាព នៅតាមភូមិឃុំ សហគមន នៅតាមមូលដ្ឋាន មិនឲ្យមានការជួបជុំគ្នា ចាប់ពី២០នាក់ឡើងទៅ នឹងត្រូវនៅឃ្លាត ពីគ្នាជានិច្ច ដើម្បីទប់ស្កាត់ការពារកូវីដ-១៩ផងដែរ៕

