សកម្មភាពក្នុងឱកាសចូលឆ្នាំខ្មែរក្នុងវិបត្តិកូវិដ១៩

សៀមរាប= ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ ឆ្លងកូវិដ១៩ និង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងការកាត់បន្ថយពិធីជួបជុំ ប្រមូលផ្តុំគ្នា ដើមី្បបង្ការ ទប់ស្កាត់នូវការរីករាលដាល នៃជម្ងឺកូវិដ១៩នោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការអនុវត្តតាមការ ណែនាំរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះធ្វើការណែនាំដល់បងប្អូនប្រជាពុទ្ធបរិស័ទ និង នាំគ្រឿងឧបភោគបរិភោគ បច្ច័យប្រគេន នៅតាមបណ្តាវត្តអារាមមួយចំនួន ក្នុងខេត្តសៀមរាប ។

ក្នុងឱកាសប្រគេននូវគ្រឿងឧបភោគបរិភោគ ឯកឧត្តម គុជ លីណា បានធ្វើការអប់រំផ្សព្វផ្សាយ ទៅតាមការណែនាំ និង វិធីបង្កា ការពាររបស់ក្រសួងសុខាភិបាល ស្តីអំពីវិធីកាត់បន្ថយហានីភ័យពីការឆ្លងជម្ងឺកូវិដ១៩ ជូនថ្វាយដល់ព្រះសង្ស អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ឯកឧត្តមបានបញ្ជាក់ថា ថ្វីត្បិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនឲ្យមានការរៀបចំនូវសង្រ្កាន្តឆ្នាំថី្ម នៅតាមទីប្រជុំជន តែក៏មិនបានហាមបងប្អូនយើងដែរ ក្នុងការគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរយើង បានគោរពប្រតិបត្តិតរៀងមក ដោយឲ្យរៀបចំនៅតាមលំនៅដ្ឋានរបស់ខ្លួន ក្នុងការទទួលទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៣។ ម៉្យាងទៀត រាល់ការជួបជុំរបស់បងប្អូន លោកយាយលោកតា នៅទីវត្តអារាម ក៏សុំកុំឲ្យមានការប្រមូលផ្តុំគ្នា ដោយនៅឲ្យមានគម្លាតពីគ្នា១ម៉ែត្រកន្លះ ដែលជាវិធីបង្ការ ការពារកុំឲ្យមានការរីករាលដាលឆ្លងនូវជម្ងឺ កូវិដ១៩ ជាសហគមន៍ សំខាន់ចំពោះលោកយាយលោកតាជាមុខសញ្ញាងាយទទួលរងនូវហានីភ័យនៃការឆ្លងជម្ងឺកូវិដ១៩តាមរយៈកង្វះនូវអនាម័យ ។ ដើមី្បរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩នេះ សូមឲ្យលោកយាយ លោកតា និង ប្រជាពុទ្ធបរិស័ទទាំងអស់ ចូលរួមក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃនឹងសាប៊ូ អាល់កុល និងជែល រួមទាំងការពាក់ម៉ាស់ផង ។

នៅក្នុងសកម្មភាពនាឱកាសចូលឆ្នាំនេះដែរ នៅតាមបណ្តាវត្តមួយចំនួនតាមបណ្តាក្រុង ស្រុក ខេត្តសៀមរាប ព្រះគ្រូចៅអធិការវត្ត ក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធីកាត់បន្ថយហានីភ័យពីការឆ្លងជម្ងឺកូវិដ១៩ តាមឧឃោសនស័ព្ទ ព្រមទាំងបានធ្វើការអប់រំណែនាំដល់ប្រជាពុទ្ធបរិស័ទ ឲ្យចេះធ្វើអនាម័យបានជាប្រចាំ រួមទាំងសូមឲ្យបងប្អូនដែលមានសមាជិកក្រុមគ្រួសារដែលទើបវិលត្រឡប់មកពីក្រៅ និង ក្នុងប្រទេស ឲ្យត្រូវស្នាក់នៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ និងធ្វើចត្តាឡីស័ក្តដោយខ្លួនឯង បើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមន្ទីរពេទ្យផងដែរ ។ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ស្ថិតក្រោមវិបត្តិកូវិដ១៩ តែប្រជាពុទ្ធបរិស័យ នៅតែគោរពប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីជាតិ ដោយនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីវត្តអារាម តែមិនបានអធិអធមដូចឆ្នាំមុនៗនោះឡើយ ដោយប្រជាពលរដ្ឋ បានកាន់តែយល់ច្បាស់ពីបញ្ហាជម្ងឺឆ្លងកូវិដ១៩នេះ៕






