សៀមរាប÷ ឯកឧត្តម ជា ចន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងអ្នកសារព័ត៌មានជាច្រើនអង្គភាពនៅឯមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរូមពីអ្នកស្រី ម៉ននី រង្សីអភិបាលរងខេត្តសៀមរាប តំណាងឱ្យឯកឧត្ដមប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងអ្នកសារព័ត៌មានជាង៦០នាក់។
បន្ទាប់ពីឯកឧត្តម លីវសុខុន ឡើងអានសន្ទរកថានិងរាយការណ៍ពីការងាររបស់មន្ទីរព័ត៌មានខេត្តសៀមរាបក្នុងរយៈពេល ៩ ខែកន្លងទៅ រួចមក។

ក្នុងឱកាសនោះអ្នកស្រី ម៉ននីរង្សី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាក្នុងយុគសម័យឌីជីថលវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដែលបានជះឥទ្ធិពលទាំងវិជ្ជមានផងនិងអវិជ្ជមានផង កត្តាទាំងនេះបានធ្វើអោយអ្នកស្ដាប់ អ្នកអាន និងអ្នកមើលទទួលបានយ៉ាងទូលំទូលាយប៉ុន្ដែបើពត៏មាននោះមានខ្លឹមសារវិជ្ជមាន មិនមានបញ្ហាសង្គមជាតិឡើយផ្ទុយទៅវិញបើព័ត៌មាននោះផ្សាយចេញធ្វើឱ្យអ្នកស្ដាប់ពិបាកទទួលយកនិងធ្វើឱ្យប៉ះពាល់សង្គមជាតិទៀតផងដូច្នេះមុននឹងធ្វើការផ្សព្វផ្សាយត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមវិជ្ជាជីវៈសាពត៏មាន ! លោកស្រីបានកោតសរសើរនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជនក្នុងវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការចុះយកព័ត៌មាន ផលិតព័ត៌មាន ពីព្រឹត្តិការណ៍នានា ដែលកើតមាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់សាធារណះជន។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថាអ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តម មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៏ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។ ឯកឧត្តមបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការណ៍នៅតាប្រព័ន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេល បច្ចប្បន្នក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មានអ៊ីនធើណែតកានតែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៏ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។
ឯកឧត្តម លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ចាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឃធនធានសមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បី បង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនា។




























