សៀមរាប=នៅចុងសប្តាហ៍រសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត់ចំនួន ២០០គ្រួសារ មកពីភូមិ ចំនួន០៨ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ផ្តល់តាមរយៈឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។ ពិធីនេះធ្វើនៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី និង សហការី អស់លោក លោកស្រីជាអាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ រួមទាំងសប្បុរសជនផងដែរ ។សស
មានប្រសាសន៍នោះដែរលោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ ។

លោកបានបន្តទៀតថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈផងដែរ ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ប៊ុន ថាឬទ្ធិ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ក្រោយពីវិបត្តិនៃជម្ងឺកូវិដ១៩ បានវិនាសចេញពីភពផែនដីយើងនេះ ។ ម៉្យាងទៀតក្នុងកាយវិការសប្បុរសធម៌ នេះ នឹងធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់រានមានជីវិតប្រចាំថ្ងៃរបស់សង្គម ។ ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជម្រុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស ។

ម៉្យាងទៀត ក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះដែរឯកឧត្តម ប៊ុន ថាឬទ្ធិ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌ របស់សប្បុរសជន របស់សមាគមសង្រ្គោះ ជីវិត នៃប្រទេសសិង្ហបូរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់គោកចកក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា សិង្ហបូរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្តទៅអនាគត ។ ឯកឧត្តមក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិត ប្រទេសសិង្ហបូរី បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានផងដែរ ។
អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន អង្ករ ១០គ.ក្រ មី ១កេស ប្រេងឆា ១ដប និង ទឹកស៊ីអ៊ីវ ២ដប ។ ក្នុងនោះដែរឯកឧត្តម ប៊ុន ថាឬទ្ធិ រួមនិងសប្បុរសជន ឧបត្ថម្ភជាប្រាក់ ១៥ពាន់រៀល ក្នុងមួយគ្រួសារផងដែរ ៕



