កំពង់ធំ៖ ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួម ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ និងមាន់សាច់ សហការជាមួយក្រុមហ៊ុន ស៊ីភី ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុន cp និងម្ចាស់កសិដ្ឋានចំនួន៥៧នាក់ ក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២០នៅភោជនីយដ្ឋានម្លប់ស្វាយធំពីរក្រុងស្ទឹងសែនខេត្តកំពង់ធំ។


លោក តាន់ ម៉េងឆាង ក៏បានពន្យល់ណែនាំដល់ម្ចាស់កសិដ្ឋាននិងផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។លោកបានបន្តថាម្ចាស់កសិដ្ឋានណាមិនទាន់ធ្វើប្លង់រោងសម្រាប់ចិញ្ចឹមសត្វទេ សូមសហការជាមួយក្រុមជំនាញដើម្បីចុះធ្វើប្លង់ដឺម៉ាស់ហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទាំងអស់ត្រូវតែសហការជាមួយក្រុមហ៊ុន cp ដើម្បីទទួលបានបច្ចេកទេសថ្មីៗពីក្រុមហ៊ុន។

លោកបានបន្តថាក្រុមហ៊ុន cp ជាក្រុមហ៊ុនមួយដែលបានសហការជាមួយប្រជាកសិករ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ ព្រមទាំងជួយបង្រៀននូវបច្ចេកទេសល្អៗក្នុងការចិញ្ចឹមសត្វដើម្បីទទួលបានផលចំណេញខ្ពស់ផងដែរ ។ ការចិញ្ចឹមសត្វឱ្យមានដំណើរការល្អលុះត្រាតែម្ចាស់កសិដ្ឋានទាំងអស់ត្រូវតែខិតខំសំអាតនៅបរិវេណ និងមានអនាម័យជួយក្នុងការត្រួតពិនិត្យលើសុខភាពសត្វ លើបច្ចេកទេសការប្រើប្រាស់ចំណីអាហារ ការប្រើប្រាស់វ៉ាក់សាំង រួមជាមួយការស្វែងរកសេវាទីផ្សារបន្ថែម។

ចំពោះប្លង់ដឺម៉ាស់នេះត្រូវទុករយៈពេល១ទៅ២ខែដើម្បីឱ្យម្ចាស់កសិដ្ឋានទាំងអស់មានការមកបំពេញបែបបទទៅតាមច្បាប់ ។ ការនាំចូលចំណីសត្វផ្សេងៗឲ្យប្រជាកសិករប្រើប្រាស់ត្រូវតែមានច្បាប់ត្រឹមត្រូវ។
ជាចុងក្រោយលោក តាន់ ម៉េងឆាង បានអំពាវនាវដល់កសិដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នជានិច្ច ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈសត្វដែលយើងបានចិញ្ចឹម។ ប្រសិនបើកសិដ្ឋានណាសង្ស័យមានជំងឺឆ្លងផ្សេងៗដល់សត្វ សូមរាយការណ៍ដល់ក្រុមជំនាញជាបន្ទាន់ចៀសវាង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលគាត់បានទទួលទានសត្វដែលមានជំងឺ។