អាជ្ញាធរខេត្តសៀមរាបលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជក ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានានៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបចំ ប្រារព្ធធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ដោយមានសមាជិកសមាជិកាចូលរួម ចំនួន៦០០នាក់ដែលបានចូលរួម ។

បន្ទាប់ពីលោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ( ១ឧសភា១៨៨៦ ១ឧសភា ២០២៥ )រួចមក មានប្រសាសន៍នោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានថ្លែងលើកទឹកចិត្ត ឲ្យមន្ទីរអង្គភាពជំនាញទាំងអស់ ប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជក ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាម ស្តង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឲ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាពនិងកាន់តែមាន ភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើនជាបន្តបន្ទាប់ ។

ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតប ទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយ កម្ម ទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គម ជូនដល់កម្មករ កម្មការិនី និង យុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ។ ម៉្យាងទៀត ចំពោះបញ្ហាវិវាទការងារ សូមឲ្យបងប្អូនយើងមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធី តាមនីតិវិធីច្បាប់ស្តីពីការងារ ដែលមានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្មនៅតាមទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្តរបស់យើង ឬ ការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនផងដែរ ។ លោកអភិបាលរងខេត្ត បានលើកឡើងដែរថា ការជ្រើសយកប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»នេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបានមានប្រសាសន៍លើកឡើងថាទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាលប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំងពិភពលោក ប្រារព្វឡើង ក្នុងគោលបំណងដើម្បីរំឭក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករ កម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល ។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា ។

ក្នុងឆ្នាំ២០២៥នេះគឺជាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ដែលទិវានេះត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល និងជាពិសេសកម្មករ និយោជិត ត្រូវអនុញ្ញាតឲ្យឈប់សម្រាកនៅក្នុងថ្ងៃនេះផងដែរ ។ លោក ច័ន្ទ សុខុមចិត្តា បានបន្ថែមថាលើកឡើងពី វិស័យឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋបានល្អ ដោយចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយបង្កើតការងារជូនប្រជាពលរដ្ឋយើង ឲ្យមានការងារធ្វើ និង ចូលរួមលុបបំបាត់ភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងទិវាពលកម្មអន្តរជាតិ១ឧសភា រាជរដ្ឋបាលភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើអោយទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរឡើងផងដែរ ៕