អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិថាជាចលករជម្រុញដ៏សំខាន់ដល់វិស័យទេសចរណ៍និងកំណើនសេដ្ឋកិច្ច
ការរៀបចំឱ្យមានព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១១»នេះ គឺពិតជាបានចូលរួមចំណែកផ្សព្វផ្សាយពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាបឱ្យកាន់តែច្រើនកុះករបន្ថែមទៀត។តាមរយៈ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបន្តប្រារព្ធធ្វើនៅលើទឹកដីអង្គររបស់យើងជារៀងរាល់ឆ្នាំ ព្រោះថាខេត្តសៀមរាបគឺជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិស័យនេះគឺជាកត្តាជម្រុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចផ្សេងៗទៀត។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានថ្លែងក្នុងព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិលើកទី១១»ដែលរៀបចំនៅទីលានជល់ដំរី នាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥។




ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ការប្រារព្ធទិវា Yoga អន្តរជាតិនៅកម្ពុជា នឹងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីអត្ថប្រយោជន៍សុខភាពពីការហាត់ Yoga វាក៏នឹងជំរុញលំហូរភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនមកកាន់តំបន់ទេសចរណ៍នានារបស់កម្ពុជា ជាពិសេសភ្ញៀវទេសចរឥណ្ឌា និងអ្នកវិនិយោគទុនដែលមកទស្សនា និងវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា និងអនុវត្តយុទ្ធនាការនិងផ្សព្វផ្សាយ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥” ។




ឯកឧត្តម VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា៖ ទិវាយោគៈអន្តរជាតិត្រូវបានប្រារព្ធជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ដែលមានមនុស្សរាប់លាននាក់បានចូលរួមនៅ ទូទាំងពិភពលោក។ រៀងរាល់ឆ្នាំទិវានេះត្រូវបានប្រារព្ធឡើងក្រោមមូលបទផ្សេងៗគ្នា ហើយមូលបទសម្រាប់ឆ្នាំ២០២៥ គឺ “យូហ្គាសម្រាប់ផែនដីតែមួយ សុខភាពតែមួយ”បានបង្ហាញពីការពិតមួយថា សុខភាពមនុស្សម្នាក់ៗ និង ផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យោគៈគឺជាលំហាត់ពង្រឹងរាងកាយ ធ្វើឱ្យចិត្តស្ងប់ និងជម្រុញការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងជីវិតប្រចាំថ្ងៃ។ ការយល់ត្រូវ (សម្មាទិដ្ឋិ)នេះធ្វើឱ្យយើងម្នាក់ៗជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាពជាងមុន។ឯកឧត្តមលើកឡើងទៀតថា៖យូហ្គាមិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែជារបៀបនៃជីវិត ជួយយើងឲ្យភ្ជាប់ទំនាក់ទំនងជាមួយខ្លួនយើង ទៅនឹងពិភពលោកជុំវិញយើង៕



