សាលាគណខេត្តកំពង់ធំ ពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមី វត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ)ប្រារព្ធ
ពិធីបង្សុកូល និងសមាធិ ដើម្បីឧទ្ទិសមហាកុសល ជូនដល់ វីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

(កំពង់ធំ)៖ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ  បានដឹកនាំព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ប្រមាណជាង៥០០អង្គ/នាក់ ប្រារព្ធពិធីបង្សុកូល សមាធិរយៈពេល ៥នាទី ឧទ្ទិសមហាកុសល ជូនដល់ វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃការ ពីការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនរបស់យើងដែលបានលះបង់អាយុជីវិតដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកចោរសៀមឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមជាព្រះសង្ឃទាំងអស់ ជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ  ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឱ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលដើម្បីឱ្យពួកគាត់មានជីវភាពធូរធារ។

 ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃការបន្ថែមទៀតថា។ការគោរពដឹងគុណមិនអាចបំភ្លេចបាន នូវវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្ត ជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទលោក ធូ កែវមុន្នី