ខេត្តសៀមរាប÷ ការជួបជុំមិត្តសីហនុរាជរបស់សមណនិស្សិត និស្សិតឆ្នាំទី៤ ចំនួនប្រមាណជិត៥០០អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មកពីសាខារាជធានីភ្នំពេញ ,សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង ដែលបានមកជួបជុំគ្នាប្រារព្ធធ្វើនៅ សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលពីសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាថានៅក្នុងជីវិតមនុស្សយើងគឺតែងតែមានមនុស្សម្នាក់ដែលប្រៀបជាងយើងរហូត មិនថាអ្នកស្អាតឆ្លាត ពូកែ ប៉ុណ្ណាក៍មានអ្នកស្អាត ឆ្លាត ពូកែ ជាងអ្នករហូតដែរដូចពាក្យបូរាណចែងថាភ្នំខ្ពស់ប៉ុណ្ណាក៍គង់ទាបជាងស្មៅ ដូច្នេះក្នុងទ្រឹស្តីនេះ សូមសមណនិស្សិត និស្សិតទាំងអស់ត្រូវប្រុងប្រយ័ត្នរៀនក្នុងដំណើរជីវិត គឺត្រូវ ស្លឲ្យសាប អង្គុយឲ្យទាប នោះទើបជីវិតយើងមានអនាគត គឺយើងត្រូវដាក់ខ្លួនតែកុំទន់ជ្រាយ ។


សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ក៍បានមានថេរដីកាដល់សមណនិស្សិតនិង និស្សិតទាំងអស់ សូមឲ្យមានជោគជ័យក្នុងជីវិត ដែលបានខិតខំរៀនសូត្របានចេះដឹង និងត្រូវខិតខំរៀនទៀត មនុស្សកាន់តែចាស់ភ្នែកកាន់តែងងឹតតែភ្នែកនេះអាចមើលឃើញអំពីឆាកជីវិតច្បាស់ជាងកាលនៅយុវវ័យ ដូច្នេះពេលដែលចាស់ៗឲ្យយោបល់ឲ្យក្មួយ ខំរៀន គឺខំរៀនទៅគឺមិនខុសទេ កុំឲ្យដល់ពេលវ័យ៦០ឆ្នាំឬ៧០ឆ្នាំ ទើបស្តាយក្រោយនោះ គឺហួសពេលហើយ ដោយក្នុងនោះដែរសម្តេច ក៍បានបញ្ជាក់ថា បើចង់ចេះត្រូវខំរៀន បើមិនចង់ចេះទេមិនបាច់ខំរៀនទេ ព្រោះគ្មានអ្វីដែលធ្វើឲ្យចេះដោយមិនបាច់រៀននោះដែរហើយនៅក្នុងសង្គមជាតិ មនុស្សគ្រប់រូប ជាពិសេសសមណសិស្ស សិស្ស ត្រូវតែចេះគឺភាសាជាតិយើង ដែលត្រូវការជួយជ្រុំជ្រែង ការថែរក្សាពីយុវជន បញ្ញវន្តរបស់យើងទាំងអស់គ្នា គឺត្រឹមតែការរៀនអក្សរ និងសរសេរភាសាជាតិឲ្យបានច្បាស់លាស់ និងត្រឹមត្រូវនោះ គឺ ពិតជាយើងបានលើកតម្កើងតម្លៃអត្តសញ្ញាណជាតិយើងបានហើយ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានថេរដីកាបញ្ជាក់ឲ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះករុណាជាម្ចាស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ ហើយបានបិទទ្វារទៅវិញចាប់ពីឆ្នាំ១៩៧២-១៩៧៩ដោយសារសង្គ្រាម។លុះមកដល់ឆ្នាំ១៩៩៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបើកទ្វារឡើងវិញ ក្នុងឋានៈជាពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ដើម្បីបណ្តុះបណ្តាលសមណនិស្សិត និស្សិត ហើយបានប្រែក្លាយជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ រហូតមដល់ពេលសព្វថ្ងៃនេះ។ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានទទួលស្គាល់ទូទៅថា ជាពុទ្ធិកសាកលវិទ្យាល័យរដ្ឋមួយក្នុងការបណ្តុះបណ្តាលពុទ្ធសាសនាដំបូង និងលើការបណ្តុះបណ្តាលជំនាញមានដូចជា ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា នីតិសាស្ត្រ រដ្ឋបាលអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ បរិស្ថានវិទ្យា ភាសាបាលី-សំស្ក្រឹត និងភាសាអង់គ្លេស ប្រកបដោយគុណភាពនិងឧត្តមភាព៕