ខេត្តសៀមរាប÷មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ បាននាំយក វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ មានធុងទឹក កៅស៊ូ ភ្លៀង ទុយោទឹក ខ្សែរពួ ចប ប៉ែល បំង្គី ការ៉ុង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក តាមរយៈព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប យកទៅផ្តល់ជូនបងៗកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុងស្រុកអន្លង់វែង និងនៅប្រាសាទតាក្របី ប្រាសាទតាមាន់ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។


ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី ពីការឈ្លានពានពីប្រទេសថៃ ព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម រួមជាមួយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ទោះបីជានៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែនៅតែមានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម ។ ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកប ដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ៕