កំពង់ធំ ៖ លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ សម្រេចបញ្ចប់មុខតំណែងហើយ ក្រោយពីបើកបរស្រវឹងបុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងហ៊ានជេរប្រមាថលោក សុខ លូ អភិបាលខេត្តកំពង់ធំ កាលពី១សប្តាហ៍មុនកន្លងទៅបង្កអោយមានការភ្ញាក់ផ្អើលអ្នកក្រុងស្ទឹងសែន និងពេញបណ្តាញទំនាក់ទំនងសង្គម។

លោក រុំ សុវិជ្ជា អតីត ជានាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានគេរិៈគន់ថា ជាជនទំនើង ទោះសម្តេចក្រឡាហោម ស ខេង ធ្លាប់ចេញលិខិតព្រមានម្តងរួចមកហើយ ជាមួយលោកស្នងការ ស្នងការរង ប៉ុន្តែបុគ្គលនេះ នៅបន្តធ្វើការតាមទម្លាប់ដដែល។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ខេត្តកំពង់ធំ និងធ្វើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីសុំដកមុខតំណែងចោលតែម្តង។ ទីបំផុតនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង សម្រេចបញ្ចប់មុខតំណែងនាយការិយាល័យចរាចរណ៍រូបនេះពិតប្រាកដ៕ប៊ុនរិទ្ធី




