រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន Ganzberg និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំព្រឹត្តិការណ៍ GANZBERG Run for Unity ក្រោមប្រធានបទ (រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌ ) នៅចុងសប្តាហ៍ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ក្រោមវត្តមានរបស់លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង តំណាងក្រុមហ៊ុន Ganzberg ដែលមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនី ចំនួន៣ពាន់៧០០នាក់ ដែលញ៉ាំងឲ្យកម្មវិធីនេះមានភាពអធិកអធមក្រៃលែង ។

បន្ទាប់ពីតំណាងក្រុមហ៊ុនGanzberg បានបញ្ជាក់ពីគោលបំណង នៃព្រឹត្តិការណ៍GANZBERG Run for Unity គឺរត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌ ក្នុងការទ្រទ្រង់ដល់បងប្អូនភៀសសឹក ដោយ សង្គ្រាមឈ្លានពានពីប្រទេសថៃ និង ឧបត្ថម្ភជូនដល់វីរៈកងព័ទ និងគ្រួសារកងទ័ព ព្រមទាំងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ផងដែរ ។
មានប្រសាសន៍នោះលោក ឌី រ៉ាដូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ និង ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ព្រឹត្តិការណ៍ “GANZBERG Run for Unity”នាពេលនេះ ។ ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍

និងដើមី្បសប្បុរសធម៌ ជាលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់យើងម្នាក់ៗក្នុងថ្ងៃនេះ នឹងត្រូវប្រែក្លាយទៅជាមូលនិធិសប្បុរសធម៌ ដើម្បីជួយសម្រាលទុក្ខលំបាកដល់បងប្អូនដែលខ្វះខាតនៅក្នុងសហគមន៍ នេះគឺ ជាស្មារតី “ខ្មែរជួយខ្មែរ” ដែលយើងតែងតែប្រកាន់ខ្ជាប់ជានិច្ច ។ លោកអភិបាលរងខេត្តក៏បានលើកផងដែរថា ព្រឹត្តិការណ៍រត់ចម្ងាយថ្ងៃនេះ ជាការបញ្ជាក់នូវថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភះ ជាការជួបជុំគ្នារត់ដើមី្បក្ដីស្រឡាញ់នៅក្នុងវប្បធម៌ខ្មែរមានយ៉ាងជ្រាលជ្រៅក្នុងស្រទាប់ប្រជាជន និង ប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រជាជនខ្មែរ






និងស្រទាប់គ្រួសារដែលបញ្ជាក់នូវភាពទទួលខុសត្រូវ និងភាពកក់ក្ដៅក្នុងវប្បធម៌ខ្មែរដែលមានជាយូរយារណាស់មកហើយ ។ ប៉ុន្តែការរត់ចម្ងាយថ្ងៃនេះ គឺដើម្បីសេចក្ដីស្រឡាញ់ប្រជាជាតិ គ្រួសារ មិត្តភក្តិគ្រប់វ័យទាំងអស់ ដោយមិនមានប្រកាន់កត្តាណាមួយឡើយ ។ រត់ដើម្បីសេចក្ដីស្រឡាញ់ដើម្បីសុខភាព ដើម្បីភាពទំនាក់ទំនង និងជម្រុញលើកស្ទួយកីឡាជាតិ ពិសេសក្នុងស្រទាប់យុវវ័យចូលរួមលេងកីឡាឲ្យបានច្រើន ក្នុងស្មារតីឯកភាពគ្នាតែមួយក្រោមម្លប់នៃសន្តិភាព។ លោក ឌី រ៉ាដូ បានបន្តទៀតថា ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ដើមី្បទេសចរណ៍ និងដើមី្បសប្បុរសធម៌ ដើម្បីប្ដូរឥរិយាបទយុវវ័យក្នុងថ្ងៃ១៤កុម្ភះ ហើយការចូលរួមរបស់ប្អូនៗ ក្មួយៗ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់មិត្តភាព ដើម្បីរួមគ្នាជាកម្លាំងដ៏មុតស្រួចកសាងការពារជាតិ អភិវឌ្ឍសង្គមឈានទៅរកការកសាងសង្គមមួយប្រកបដោយសុខដុមរមនា ។ម៉្យាងទៀត






យុវវ័យគ្រប់រូបត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់លើអត្ថន័យខ្លឹមសារស៊ីជម្រៅនៃការប្រារព្ធពិធីបុណ្យនេះ បានធ្វើឲ្យបរិយាកាសសង្គមខ្មែរ វប្បធម៌ប្រពៃណីខ្មែរយើងធ្លាក់ចុះ ដោយសារការឆ្លៀតឱកាសនៃយុវវ័យខិលខូចមួយចំនួន ។ អរិយធម៌ខ្មែរជាអរិយធម៌សំយោគ គឺមិនយកតាមគេទាំងស្រុងនោះទេ គ្រាន់តែយកលំនាំមកកែច្នៃឲ្យទៅជារបស់ខ្មែរ ហើយខ្មែរទទួលយកបាន ។ យ៉ាងណាមិញសកម្មភាពកីឡារត់ចម្ងាយថ្ងៃនេះ គឺជាការកែច្នៃមួយដើម្បីផ្លាស់ប្ដូរឥរិយាបថវិជ្ជមានថ្ងៃ១៤ កុម្ភះ ឲ្យក្លាយជាទិវាគោរពស្រឡាញ់ ទិវាចែករំលែកក្ដីស្រឡាញ់ដោយមិនប្ដូរសេចក្ដីសេ្នហាផ្លូវភេទនោះទេ ។ ក្នុងនោះដែរ ឯកឧត្តមបានអំពាវនាវឲ្យយុវវ័យគ្រប់រូបចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីពង្រឹងស្មារតីសិក្សា សុខភាព ជម្នះឧបសគ្គនានាក្នុងជីវិត បង្កើតភាពរឹងមាំខ្លួនឯង ជឿជាក់លើខ្លួនឯង ។ ក្នុងព្រឹត្តិការណ៍រត់ដើមី្បក្តីស្រឡាញ់នេះ កីឡាករ-កីឡាការិនី ដែលបានបង់ថវិកាចូលរួមមានចំនួន២០លាន រៀល និង អង្ករ ៣តោ ព្រមទាំងគ្រឿងឧបភោគបរិភោគ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បឧបត្តម្ភ ទ្រទ្រង់ដល់វីរៈកងទ័ព គ្រួសារកងទ័ព និង គ្រួសារភៀសសឹក ៕




