ខេត្តសៀមរាប÷ នៅចុងសប្តាហ៍រសៀលថ្ងៃទី១៤ ខែ កុម្ភះ ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនភៀសសឹក ចំនួន៩៩គ្រួសាររស់នៅក្នុងឃុំគោកធ្លក ស្រុកជីក្រែងខេត្តសៀមរាប ព្រមទាំងប្អូនៗសិស្សានុសិស្សចំនួន ១៤០នាក់នៃ សាលាបឋមសិក្សាគោកធ្លក បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ រួមថវិកា និង សម្ភារៈសិក្សាពីព្រះគ្រូចៅអធិ ការវត្តប្រាសាទគោកចក និង សប្បុរសជននៅក្នុងក្រុងសៀមរាប ក្រោមអធិបតីឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប ។



ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានមានថេរដីកាថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដែលបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនភៀសសឹក ព្រមទាំងប្អូនៗសិស្សានុសិស្សនាពេលនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន នៃសកម្មភាពមនុស្សធម៌នេះឆ្លុះបញ្ចាំងពីសាមគ្គីភាព”ខ្មែរជួយខ្មែរ” ក្នុងការគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្តថា សម្ភារៈអំណោយទាំងនេះ មួយផ្នែកទទួលបានពីរដ្ឋបាលខេត្តនិងមួយផ្នែកទៀតទទួលបានពីលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាស សនជាម៉ន និង ក្រុមគ្រួសារព្រមទាំងសប្បុរសជនជិតឆ្ងាយ ប្រគេនមកវត្តប្រាសាទគោកចក ជាសង្គហៈទានសម្រាប់បែងចែកទៅតាមលទ្ឋភាពទុកជូនគ្រួសារខ្វះខាតជាក់ស្តែងនៅតាមមូលដ្ឋាននានានៃខេត្តសៀមរាប ។




លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានថ្លែងនូវអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃនិងសប្បុរសជនជិតឆ្ងាយដែល បានបរិចា្ចគធនធានថវិកាចូលរួមឧបត្ថម្ភគាំទ្រផ្នែកជីវភាពដល់បងប្អូនភៀសសឹកនិងគ្រួសារជួបភាពខ្វះខាតនាពេលនេះ ជាការឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាល ឈរលើស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ បង្ហាញនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព យល់ទុក្ខធុរៈគ្នានិងជួយគ្នាក្នុងគ្រាចាំបាច់ ។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា កម្ពុជាស្រឡាញ់សន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា ។ ជាក់ស្តែងកម្ពុជាយើងត្រូវប្រទេសថៃ ឈ្លានពាន រំលោភបំពាន បានបង្កឲ្យមានសង្គ្រាមនៅតាមបណ្តោយព្រំដែន បាញ់ប្រហារដោយមិនរើសគោលដៅ ទីអារាម ទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ជាពិសេស សាលារៀនរបស់កុមារ ។ ម៉្យាងទៀតសូមបងប្អូនភៀសសឹកនិងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គី រួមសុខរួមទុក្ខ ជាសំខាន់ត្រូវមានការជឿជាក់ លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរ ពីប្រជាជាតិ ស្ថិរភាពតាមព្រំដែន និងសុខទុក្ខបងប្អូនទាំងអស់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ។ ការផ្តល់អំណោយដល់បងប្អូនថ្ងៃនេះ ស្របទៅនឹងថ្ងៃបុណ្យសេចក្តីស្រឡាញ់ ១៤កុម្ភះ ដូច្នេះយើងគ្រប់គ្នាត្រូរួមវចិត្តគំនិតខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់សន្តិភាព ។
សូមបញ្ជាក់ថាសម្ភារៈអំណោយប្រគេននិងជូននាពេលនេះ ព្រះសង្ឃ១៩អង្គ ក្នុង១អង្គទទួលបានសៀវភៅសរសេរ ១០ក្បាល ប៊ិច បន្ទាត់ ខ្មៅដៃ ជ័រលុបនិងថវិកាមួយចំនួន។ សម្រាប់សិស្សានុស្សា ១៤០នាក់ម្នាក់ៗទទួលបានសម្ភារៈសិក្សា នំ ទឹកដោះគោនិងថវិកា១០០០រៀល ។សម្រាប់គ្រួសារភៀសសឹក៩៩គ្រួសារ








មួយគ្រួសារទទួលបានអង្ករ២៥គ.ក្រ មី១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ នំ១កញ្ចប់ ទឹកសុទ្ធ១យួរ បន្លែស្ពៃ១គ.ក្រ និងឃីត១កញ្ចប់ (ភួយ អាវបាត់រងារ ត្រីខ អំបិល ម្សៅស៊ុប) និង ចានដែកជ័រ១និងថវិកា ២ម៉ឺនរៀល។ សម្រាប់មនុស្សចាស់៤០នាក់ ម្នាក់ៗទទួលបានចានដែកជ័រលាងចាន១ សារ៉ុង១ ភួយ១ ផងដែរ៕
