ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ឯក ហែម ថន ប្រធានក្រុមទីបញ្ជាការស្រាល ដែលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឡើយរាយការណ៍បញ្ជាក់ថា៖ ក្នុងរយៈពេលមុនបុណ្យចូលឆ្នាំ ក្នុងពេលបុណ្យចូលឆ្នាំ និងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កងកម្លាំងនៅក្នុងទីបញ្ជាការស្រាល បានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារតំបន់អភិរក្សពូជត្រី នៅក្នុងឃុំផាត់សណ្ដាយ ទាំងយប់ទាំងថ្ងៃ ដោយគ្មានបានឈប់សម្រាកឡើយ ។ ហើយ​នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ក៏នៅមានជនខិលខូចមួយចំនួនតូច នៅតែលួចបំពានដាកឧបករណ៍​នេសាទ​ នៅក្នុងតំបន់ឡូអភិរក្សពូជត្រី តែត្រូវបានកម្លាំងយើងបង្ក្រាបបាន និងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនយកមករក្សាទុកនៅទីស្នាក់ការសមត្ថកិច្ចជំនាញផងដែរ។ លោកអនុសេនីយ៍ឯក ហែមថន ក៍បានបញ្ជាក់ផងដែរថា ជាទូទៅយើងការពារបានតំបន់ឡូអភិរក្ស ដែលមាននៅក្នុងឃុំផាត់សណ្ដាយ ។ ហើយបច្ចុប្បន្ននេះ នៅក្នុងឡូអភិរក្សទាំងនេះ ពូជត្រីបានសំបូរយ៉ាងច្រើនជាងបណ្ដាលឆ្នាំមុនៗ​។ ជាមួយនោះដែរ អនុសេនីយ៍​ឯក​ហែម​ថន​ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវសំណូមពរដល់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួយដោះស្រាយផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នឹងមិនគិតពីថ្ងៃឈប់សម្រាក ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅនេះ ដែលជាឱកាសរបស់ជនខិលខូច ក្នុងការលួចប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ តែកងកម្លាំងយើងបានទប់ស្កាត់ និងបង្ក្រាបបានទាល់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងឃុំផាត់សណ្ដាយ ត្រូវបន្តយកចិត្តទុកដាក់ នៅភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ទីមួយ ត្រូវសាមគ្គីសហការគ្នាល្អ ជាមួយកម្លាំងចម្រុះ និងបណ្ដាស្ថាប័នពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចឲ្យទទួលបានជោគជ័យតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ។


ទីពីរ ត្រូវរួមគ្នាផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យគាត់បានយល់ជ្រួតជ្រាបអំពីច្បាប់ស្ដីពីជលផលថ្មី និងណែនាំជូនគាត់ក្នុងការការពារតំបន់អភិរក្សពូជត្រី ដើម្បីទុកឲ្យផលត្រីពងកូនសំបូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ទីបី ដាច់ខាត ត្រូវបន្តការពារឲ្យបានតំបន់អភិរក្សពូជត្រី នឹងត្រូវរួមគ្នាបន្តបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងតំបន់លំហបឹងទន្លេសាប និងទីបួន មិនត្រូវគប់គិតជាមួយជនល្មើស ក្នុងការទទួលផលប្រយោជន៍ពីបទល្មើសនេសាទខុសច្បាប់ជាដាច់ខាត។ ក្នុងករណីរកឃើញយោធិនណាម្នាក់ មានការពាក់ព័ន្ធក្នុងករណីនេះត្រូវទទួលវិន័យយ៉ាងម៉ឺងម៉ាត់របស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនៅស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឧបត្ថម្ភជូនកងកម្លាំងដើម្បីបន្តសកម្មភាពដោយគ្មានការដកថយឡើយ។