ខេត្តសៀមរាប = ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយមន្រ្តីរាជការ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ពីខេត្តឧត្តរមានជ័យ មកគង់នៅកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវទៅជាតិលេខ៦ ផ្លូវបំបែកទៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការនិមន្តយាង របស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ និង ព្រះមន្ត្រីសង្ឃផងដែរ ។ ក្នុងនោះរដ្ឋបាលខេត្តបានធ្វើការកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ)ផ្លូវទៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ទៅគង់នៅវត្តរាជបូណ៌ ហើយនឹងរៀបចំយករូបសំណាកព្រះវិស្ណុគង់លើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំងដើមវិញ ។ ជាមួយនេះក៏មានការរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ ។


សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះ គឺជារូបសំណាក់ដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និង ទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់មកនៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និង អត្ថន័យសិល្បៈ។ ការដែលរដ្ឋបាលខេត្តសៀមរាប យាងរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌត្រឡប់មកវិញ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និង គោរពតម្លៃដើមនៃសម្បត្តិ វប្បធម៌ និងសិល្បៈជាតិ និងតាមការស្នើសុំពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលមានជំនឿទៅលើរូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះផងដែរ ។ ជាពិសេសទីតាំងរង្វង់មូលផ្លូវជាតិលេខ៦(រង្វង់មូលមុខគ្រុឌ)នេះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប ។ ដូច្នេះរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និង ជាទេសភាពទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ


ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប យ៉ាងច្រើនកុះករបានឈរអមសងខាងផ្លូវ ដើម្បីទទួលរូបសំណាកព្រះវិស្ណុគង់លើគ្រុឌមកគង់នៅកន្លែងដើមវិញ ដោយពួកគាត់បានបង្ហាញពីការគ្រាំទ្រ និង សប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់ចង់បានរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ឲ្យគង់នៅកន្លែងដើមនេះវិញជាយូមកហើយ ដោយពួកគាត់មានជំនឿថា កាលរូបសំណាកព្រះវិស្ណុគងលើគ្រុឌគង់នៅទីតាំងដើមនេះ គឺ ប្រជាពលរដ្ឋតែងតែជួបនូវសេចក្តីសុខរហូតមក ។
តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ បានឲ្យដឹងផងដែរថា កាលដើមឡើយខេត្តសៀមរាប ខេត្តឧត្តរមាន ជ័យ គឺជាទឹកដីខេត្តតែមួយ គឺខេត្តសៀមរាប ឧត្តរមានជ័យ ។ ការយាងរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌនេះ ព្រះអង្គគង់ នៅទីណាក៏បានដែរ ព្រោះជាទឹកដីនៃមហានគរកម្ពុជា ព្រះអង្គនឹងធ្វើការថែរក្សាប្រជានុរាស្ត្រព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចបងប្អូនខ្មែរយើងនៅឯណាយសមុទ្រទៀតផង ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា នៅពេលខាងមុខ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដាក់នូវរូបសំណាក់ នៅតាមរង្វង់មូលមួយចំនួន ដែលរូបសំណាកទាំងនោះ ពាក់ព័ន្ធទៅនឹង ប្រវត្តិសាស្ត្រ និង វប្បធម៌ អរីយធម៌ និង ប្រពៃណី ទំនៀមទម្លាប់របស់បងប្អូនខេត្តសៀមរាបទៀតផង ។


ដោយមានជំនឿជឿជាក់លើបារមីរបស់ព្រះវិស្ណុគងលើគ្រុឌ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង បានធ្វើការ បូជាទៀន ធូក បួងសួងសុំនូវសេចក្តីសុខដល់ប្រជាជាតិ មាតុភូមិកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនជារៀងទៅ៕