ខេត្តសៀមរាប ÷ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារ សមរម្យ»។ ត្រូវបានរៀបចំធ្វើឡើង នៅបរិវេណមន្ទីរការងារនិងបណ្តុះបណ្តាលខេត្ត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និង មន្ត្រីរាជការ បុគ្គលិកសណ្ឋាគារ ភោជ្ជនីយដ្ឋាន សហគ្រាស គ្រឹះស្ថាន និង និយោជិត និង និយោជកប្រមាណ៦០០នាក់ចូលរួម ។




បន្ទាប់ពីកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍របស់លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងការអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្ម អន្តរជាតិ (១ឧសភា ១៨៨៦-២០២៦) អានដោយលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរួចមក លោក ឌី រ៉ាដូ ក៏បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិនេះឡើង ក្នុងគោលបំណង រំលឹក និង ឧទ្ទិសដឹង គុណដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និង ប្តូរជីវិត ដើមី្បសិទ្ធការងារកម្មករទាំងមូល និង ដើមី្បពង្រឹង រក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិក ជាមួយនិយោជក និងរាជរដ្ឋាភិបាល ដើមី្បបន្តរក្សា បាននូវសន្តិភាព ស្ថិរភាពការងារ និង សន្តិសុខការងារនៅកម្ពុជា ។ លោកអភិបាលរងខេត្តបានបន្តទៀតថា ទិវាប្រចាំឆ្នាំនេះមានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត ក្រោមប្រធានបទ «រួមគ្នា កសាងភាពធន់ដើម្បីការងារសមរម្យ» ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារ ប្រកបដោយភាពធន់ និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាព អង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅ បម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។ ស្របតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា “ ការងារសមរម្យគឺជាការងារដែលប្រកបដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត” ។ បន្ថែមពីនោះ គឺបានចូលរួមសម្រេចឲ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ហើយឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព,






និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជម្រុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះខេត្តសៀមរាប ក៏មានអតីតពលករទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធប្រមាណជិត២ ម៉ឺននាក់ រួមទាំងអ្នកមានមុខរបរ អាជីវកម្មផ្ទាល់ខ្លួន ក្នុងចំណោមអ្នកបានវិលត្រឡប់ជាង ៣ម៉ឺននាក់។






ថ្វីត្បិតតែខេត្តសៀមរាបរបស់យើងមិនបានស្ថិតនៅតាមបណោយព្រំដែនក៏ពិតមែន ប៉ុន្តែយើងក៏បានទទួលរងនូវបន្ទុកយ៉ាងធ្ងន់ធ្ងរផងដែរ លើការសម្របសម្រួលជូនបងប្អូនភៀសសឹកជម្លៀសមកពីបណ្តាលខេត្តជាប់ព្រំដែនសរុបប្រមាណជាង១៥ម៉ឺននាក់ បច្ចុប្បន្នពួកគាត់បានវិលត្រឡប់ទៅវិញអស់ជាច្រើន នៅសល់តែប្រមាណជាង ៣ពាន់គ្រួសារ ដែលមានមនុស្សសរុបប្រមាណជាង ៩ពាន់នាក់ ដែលផ្ទះរបស់ពួកគាត់ត្រូវបានយោធាថៃឈ្លានពាន និងមួយចំនួនស្ថិតនៅក្នុងតំបន់ក្រហម ដែលជាហេតុធ្វើឲ្យពួកគាត់មិនទាន់អាចវិលត្រឡប់ទៅវិញបាន ។ លោក ឌី រ៉ាដូ ក៏បានអំពាវនាវ និងលើកទឹកចិត្ត ដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់នូវ ការលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឲ្យមានភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ និងបន្តអនុវត្តឲ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ ។ សូមនិយោជក កម្មករនិយោជិត និងសហជីព ត្រូវឈ្វែងយល់កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ហើយយើងទាំងអស់ត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឲ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕
