ប្រជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាត៧០គ្រួសារក្នុងសង្កាត់ចុងឃ្នៀស ទទួលអំណោយស្បៀងអាហារ
របស់សប្បុរសជនម៉ាឡេស៊ីដែលផ្តល់តាមរយៈថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប​
 
នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦នេះឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយលោកសេន សុព្រី សមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាប បាននាំយកស្បៀងអាហារដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ីចែនជូនដល់បងប្អូនខ្មែរឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារដែលកំពុងរស់នៅប្រកបមុខរបរលទូកបណ្តែតទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប​ ។ 


ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាអំណោយជាស្បៀងអាហរដែលយកមកចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះគឺបានមកពីទឹកចិត្តសប្បុរសធម៌ពីបងប្អូនមូស្លីមនៅក្នុងប្រទេសម៉ាឡេស៊ី ដែលទាំងនេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញថា សាសនិកឥស្លាមគ្រប់រូប គឺជាបងប្អូននឹងគ្នា” ទោះបីជានៅឆ្ងាយពីគ្នា ឬខុសសញ្ជាតិក៏ដោយ ក៏យើងតែងតែយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក៍ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនដែលខ្វះខាតផងដែរ។ឯកឧត្តម អែល សៀត បន្តថាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម វាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឲ្យសាសនិកឥស្លាមប្រជែងគ្នាធ្វើអំពើល្អនេះដោយការចែករំលែកនេះបានបង្ហាញថា “យើងសុទ្ធតែជាបងប្អូននឹងគ្នា” ។ ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាម ឯកឧត្តម អែល សៀត ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនជាពិសេសម្ចាស់ជំនួយពីម៉ាឡេស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រកិច្ចការសាសនា និង

សកម្មភាពមនុស្សធម៌ផ្សេងៗហើយការគាំទ្រនេះមានសារៈសំខាន់ ក្នុងការជួយសម្រាលការខ្វះខាតនិងលើកកម្ពស់ជីវភាពសាសនិកឥស្លាមនៅកម្ពុជា ហើយអំណោយទាំងនេះ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ ។ឯកឧត្តមក៍បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សាសនិកឥស្លាមទូទាំងសកលលោក បានធ្វើដំណើរទៅបំពេញកាតព្វកិច្ចហាជ្ជ ឬហាជ្ជី ដែលជាគោលជំនឿ១ក្នុងចំណោមគោលជំនឿទាំង៥ សម្រាប់សាសនិកឥស្លាម នៅអារ៉ាប៊ីសាអូឌីត ដោយឡែកនៅក្នុងឆ្នាំ២០២៦នេះ សាសនិកឥស្លាមកម្ពុជាចំនួនប្រមាណ ១,២១០ នាក់ ដែលបានអញ្ជើញទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី  នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ។ ឯកឧត្តម​បន្ថែមថាក្រៅពីស្បៀងអាហារដែលទទួលបានសូមលើកទឹកចិត្តឲ្យបងប្អូនបន្តខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមជីវិតដោយភាពស្មោះត្រង់ និងជម្រុញកូនចៅឲ្យខិតខំរៀនសូត្រ ទាំងចំណេះដឹងសាសនា និងចំណេះដឹងទូទៅ ដើម្បីអភិវឌ្ឍគ្រួសារឲ្យចាកចេញពីភាពក្រីក្រនៅថ្ងៃអនាគត។
នៅក្នុងនោះផងដែរមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ចុងឃ្នៀសក៍បានធ្វើការអំពាវនាវដល់បងប្អូនខ្មែរឥស្លាមទាំងអស់ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព និងយុវជន​យុវនារីដែលមានអាយុ ១៥ឆ្នាំឡើងទៅ សូមអញ្ជើញមកបំពេញបែបបទធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចុងឃ្នៀស​។​ ដោយក្នុងនោះដែរមន្ត្រីប៉ុស្តិក៍បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំ រួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាពច្បាប់ដើម ក្នុងករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ បញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ៕