(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំអណ្តូងពោធិ៍ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាព​ផ្ទាល់​នៅតាមចម្ការដំឡូងមីរបស់ប្រជាកសិករ ដែលកំពុងប្រមូលផលនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅជួយអន្តរាគមន៍ការប្រមូលផល​ដំឡូង​របស់កសិករ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យផ្ទៃដីដាំដំឡូងមីមួយចំនួនរងផលប៉ះពាល់។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលតំបន់ទំនាបមួយចំនួនកំពុងប្រឈមនឹងការលិចខូចដើម និងមើមដំឡូង ដោយសារស្ថានភាពធាតុអាកាស​មានភ្លៀងធ្លាក់បន្តបន្ទាប់។ ប្រសិនបើគ្មានវិធានការ​ប្រមូលផលឱ្យបានទាន់ពេលទេ ដំណាំដំឡូង​មីអាចនឹងរលួយខូចខាត និងបង្កជាការខាតបង់​ប៉ះពាល់ដល់ជីវភាពកសិករ។

បើតាមការបញ្ជាក់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា ទិន្នផលដំឡូងនៅលើផ្ទៃដី១ហិកតា អាចប្រមូលផលបានជាមធ្យមប្រមាណ២០តោន ហើយតម្លៃទីផ្សារបច្ចុប្បន្នក្នុងតំបន់ គឺចន្លោះពី ៤៣០រៀល ទៅ៤៤០រៀល ក្នុងមួយគីឡូក្រាម។

ក្នុងដំណើរចុះពិនិត្យនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួន​បានសម្រេចចិត្តប្រមូលផល (ដកដំឡូង) មុនកាលកំណត់នៅលើផ្ទៃដីទំនាបដែលជាំទឹក ដើម្បីចៀសវាងការរលួយខូចខាតដំណាំ។

លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ក៏បានណែនាំ និងសម្របសម្រួលជួយដល់ប្រជាកសិករ ដើម្បីពន្លឿនការកាប់ និងប្រមូលផលឱ្យបានឆាប់រហ័ស សំដៅការពារផលដំណាំ និងរក្សាប្រាក់ចំណូលជូនកសិករ។ ទន្ទឹមនឹងនេះ អាជ្ញាធរស្រុកតាំងគោក ក៏បានបញ្ជាក់ពីការបន្តតាមដានស្ថានភាពធាតុអាកាសយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងជួយសង្គ្រោះផលដំណាំផ្សេងៗទៀតនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ដែរថា ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន​ក្នុងការចុះពិនិត្យ និងតាមដានស្ថានភាពដំណាំ​របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដើម្បីធានាបាននូវដំណោះស្រាយទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃការខាតបង់របស់កសិករ ជាពិសេសក្នុងរដូវវស្សាដែលមានការប្រែប្រួលអាកាសធាតុនេះផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក