សៀមរាប÷ថវិកាចំនួន ១៦៥លាន២៣៨ពាន់១២០រៀល ដែលទទួលបានពីរអ្នកចូលរួមកម្មវិធីដើរកំសាន្ត សប្បុរសធម៌ ដើម្បីកុមារកម្ពុជា នៅលើភ្នំគូលែន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី០២ខែតុលាឆ្នាំ២០២៦នេះ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រុមហ៊ុន ថេមផលគ្រុប (Temple Group) និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស (Bacchus) ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមទស្សនកិច្ច និងបរិច្ចាគថវិកា ដែលទទួលបានពីកម្មវិធី ដើរកម្សាន្តសប្បុរសធម៌ដើម្បីកុមារកម្ពុជា «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលបានរៀបចំចំឡើងកាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

ថវិកាចំនួន ១៦៥លាន២៣៨ពាន់១២០ រៀល សល់ពីការចុះឈ្មោះចូលរួម ក្នុងកម្មវិធីនេះ បានប្រគល់ជូនដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និង ក្រុមហ៊ុនជាដៃគូរ ព្រមទាំងក្រុមការងារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកគាំទ្រដល់សុខភាព និងការព្យាបាលកុមារកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រចំពោះបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងដៃគូសហការ និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានចូលរួម និងផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់កម្មវិធីដើរកម្សាន្តសប្បុរសធម៌ដើម្បីកុមារកម្ពុជា «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ។
សូមបញ្ជាក់ ក្នុងចំណោម ថវិកាជាង១៦៥លានរៀល លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភចំនួន១២០លានរៀលផងដែរ ៕