(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះដំណាំត្រសក់របស់ប្រជាកសិករ ដែលជាបន្លែបន្ទាប់បន្សំពីការធ្វើស្រូវ ស្ថិតនៅក្នុងឃុំស្រឡៅ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពទីផ្សារ និងផ្តល់កម្លាំងចិត្តដល់ប្រជាសហគមន៍កសិកម្មនៅមូលដ្ឋាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។



នៅក្នុងឱកាសនោះ ប្រជាកសិករដែលបានផ្លាស់ប្តូរទម្លាប់ពីការធ្វើស្រូវតែមួយមុខ មកដាំដំណាំរួមផ្សំ បានសម្តែងក្តីរីករាយ និងបានលើកឡើងថា បច្ចុប្បន្នដំណាំត្រសក់កំពុងមានទីផ្សារល្អប្រសើរ និងជួយលើកកម្ពស់ជីវភាពគ្រួសារយ៉ាងពិតប្រាកដ។ ប្រជាកសិករចំនួន ១២ គ្រួសារ នៅក្នុងឃុំស្រឡៅ ដែលបាននាំគ្នាដាំដុះត្រសក់លើផ្ទៃដីសរុបប្រមាណ ៥ ហិកតា អាចប្រមូលផលបានជាមធ្យមពី៥ ទៅ៦ តោន ក្នុងមួយថ្ងៃ។
ចំពោះតម្លៃទីផ្សារវិញ ត្រសក់ត្រូវបានលក់ចេញជាមធ្យមក្នុងតម្លៃពី ២,០០០ ទៅ ២,៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករទាំង ១២គ្រួសារ រកបានប្រាក់ចំណូលខ្ពស់ផងដែរ។





នាឱកាសចុះពិនិត្យនោះដែរ លោកអភិបាល ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនប្រជាកសិករទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែប្រែទម្លាប់ដាំដុះ បង្កើតប្រភពចំណូលបន្ថែមក្រៅពីការធ្វើស្រូវ។ លោកក៏បានជំរុញឱ្យកសិកររៀបចំផែនការដាំដុះឱ្យបានទៀងទាត់ រក្សាបច្ចេកទេសសុវត្ថិភាព និងពង្រីកការដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចូលរួមកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក
