បាត់ដំបង ៖ មានមនុស្ស២បានស្លាប់នៅក្នុងភ្លើងស្ទើរតែមើលលែងយល់ក្រោយពីមានអគ្គីភ័យឆាបឆេះផ្ទះ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រនិងក្រោយពីសមត្ថកិច្ចបានចុះទៅពន្លត់ភ្លើងនោះរួចក៏ស្រាប់តែបានប្រទះរឿងបែបនេះកើតឡើងទៅវិញដែលបញ្ហានេះកម្លាំងជំនាញកំពុងបើកការស្រាវជ្រាវក្រែងជាអំពើឃាតកម្ម ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង វេលាម៉ោង១និង ៤០ នាទីរំលងអាធ្រាត្រថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុចក្រុមទី១២ ភូមិថ្មីឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថាផ្ទះមានទំហំ ៥x១០ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ យៃឡើយ ភេទប្រុស អាយុ ៥២ ឆ្នាំ និងមានប្រពន្ធឈ្មោះ គឹម ធឿន អាយុ ៥២ ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ គឹម សៀកម៉ី អាយុ១៨ ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កម្លាំងបានប្រើប្រាស់រថយន្ត១គ្រឿងជួយអន្ដរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់ ជាលទ្ធផលផ្ទះឆេះខូចខាតអស់ប្រមាណ ៧០ % ម៉ូតូចំនួន២គ្រឿង ខូចខាតទាំងស្រុង កង់ ១ គ្រឿង ខូចខាតទាំងស្រុង និង សម្ភារមួយចំនួនទៀតខូចខាតទាំងស្រុង ។

ក្រោយពីពន្លត់ភ្លើងរួចសមត្ថកិច្ចក៏មានការភ្ញាក់ផ្អើលដោយសារតែបានប្រទះឃើញសពមនុស្ស ចំនួន២នាក់តែមិនទាន់កំណត់អត្តសញ្ញាណបានព្រោះសពផ្កាប់មុខទាំងពីរទើបដាក់កម្លាំងយាមដើម្បីអោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យដើម្បីស្រាវជ្រាវ និងសន្និដ្ឋាន ។

លោក អូន ហ្វៃនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់យ៉ាងខ្លីថាសពមនុស្ស ២ នាក់ដែលស្លាប់នៅក្នុងភ្លើងគឺជាសពកូនស្រីនិងម្តាយ ប៉ុន្តែចំពោះប្តីគឺបានបាត់ចេញពីផ្ទះដូច្នេះហើយបានជាសមត្ថកិច្ចកំពុងមានការសង្ស័យនិងបើកការស្រាវជ្រាវជុំវិញបញ្ហានេះ ។ ចំពោះករណីនេះវាអាចពាក់ព័ន្ធទៅនឹងករណីឃាតកម្មឬយ៉ាងណានោះលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌមិនទាន់ហ៊ានអះអាងនៅឡើយទេដោយលោកកំពុងដាក់កម្លាំងជំនាញស្រាវជ្រាវ ៕


